ចូលរួមអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ ២០២១ !!!!!!!!

ចូលរួមអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ ២០២១ !!!!!!!!

ដោយះ លោក ឡាយ សុជាតិ
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះ គឺជាថ្ងៃខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ( ៧ មករា ១៩៧៩-៧ មករា ២០២១ ) ជាថ្ងៃដែលប្រជាជន និងប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ។

របបកម្ពុជាប្រជាធិបតេយ្យ ឬរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត បានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាត ដ៏ខ្មៅងងឹត អស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ។ របបដ៏សាហាវឃោរឃៅ ព្រៃផ្សៃយង់ឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់ អស់រាប់លាននាក់ ហើយប្រទេសទាំងមូល ក៏ត្រូវវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗផង ត្រូវរស់នៅក្រោមការបង្ខិតបង្ខំ ឲ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន គ្មានទាំងសិទ្ធិសេរីភាព ហើយប្រជាពលរដ្ឋដែលមានសំណាង នៅសល់តែស្បែកដណ្តប់ឆ្អឹង រង់ចាំតែស្លាប់ប៉ុណ្ណោះ ។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យរហូតដល់សព្វថ្ងៃ ។ លើសពីនេះទៅទៀត កម្ពុជា ក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ផងដែរ។

គួររំលឹកថា កាលពីជាង៤២ឆ្នាំមុន សម្តេចទាំងបី គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត បានលះបង់ប្រពន្ធកូន ក្រុមគ្រួសារ និងអាយុជីវិតខ្លួន ទៅបង្កើតចលនាតស៊ូដើម្បីរំដោះប្រជាពលរដ្ឋ និងប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម តាមមុខព្រួញជាបីទិស រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ទើបចលនាតស៊ូទាំងបីទិស ដែលដឹកនាំដោយសម្តេចទាំងបី បានជួបគ្នានៅក្នុងស្រុកស្នួល ខេត្តក្រចេះ និងបានរួបរួមកម្លាំងសាមគ្គីគ្នា វាយរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រហូតទទួលបានជោគជ័យ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។

ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយ សូមចងចាំ និងដឹងគុណជានិច្ចចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន របស់សម្តេចទាំងបី និងឥស្សរជនស្នេហាជាតិដទៃទៀត ដែលបានយកជីវិតធ្វើជាដើមទុន ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងសូមប្តេជ្ញាចិត្តថែរក្សាការពារដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហម មានវត្តមាននៅកម្ពុជាជាលើកទី២ ។

សូមឲ្យស្មារតីថ្ងៃរំដោះ ៧មករា ជានិមិត្តរូប នៃសាមគ្គីជាតិ ស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឋិតថេរជាអមតៈក្រោមម្លប់សន្តិភាពជានិច្ចនិរន្តរ៍តរៀងទៅ ៕

 

ដោយះ គេហទំព័រ ខេមបូឌាញូវដេលី
https://www.Cambodiastardialynews.com/

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *