ខេត្តបន្ទាយមានជ័យ៖ មានមនុស្សជិត ៥ម៉ឺននាក់នៅខេត្តបន្ទាយមានជ័យ បានមកទទួលស្វាគមន៍ និងជូនដំណេីរដ៏កក់ក្តៅចំពោះប្រតិភូ Gumball ៣០០០ Rally in Cambodia នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដឹកនាំសហការី មន្ត្រីរាជាការ កងកម្លាំង លោកគ្រូអ្នកគ្រូ និស្សិត សិស្សានុសិស្ស យុវជន យុវជន យុវនារី ប្រជាពលរដ្ឋជិត ៥ម៉ឺននាក់ បានធ្វើការបដិសណ្ឋារកិច្ច និងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រតិភូ Gumball 3000 Rally in Cambodia នៅរសៀលដល់ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។
ចំណែកថ្នាក់ដឹកនាំប្រតិភូ និងអ្នកសហការរៀបចំព្រឹត្តិការណ៍ បានចុះមកថ្លែងអំណរគុណដល់ជារដ្ឋាភិបាលកម្ពុជា និងក្រសួង ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច និងមហាជនពា់ក់ព័ន្ធដែលបានទទួលបដិសណ្ឋារកិច្ច សម្របសម្រួល ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព បង្កលក្ខណៈងាយស្រួលដល់ពួកគេ។
យោងតាមរដ្ឋបាលសាលាខេត្ត និងមន្ទីរទេសចរណ៍ខេត្តឱ្យដឹងថា ស្ថិតិអ្នកទទួលស្វាគមន៍ ជូនដំណើរក្នុងខេត្តបន្ទាយមានជ័យ ចំពោះប្រតិភូ Gumball ៣០០០ Rally in Cambodia ចាប់ពីចំណុចព្រំប្រទល់ខេត្តបន្ទាយមានជ័យ-សៀមរាប ស្ពានតាប៉ុន ស្រុកព្រះនេត្រព្រះ (ផ្លូវជាតិលេខ៦) និងជូនដំណើរប្រតិភូចេញទៅប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ សរុបមានចំនួន ៤៧.០០០នាក់ ក្នុងនោះ ស្រុកព្រះនេត្រព្រះ ចំនួន ៩.០០០នាក់, ក្រុងសិរីសោភ័ណ ចំនួន ១៤.០០០នាក់, ស្រុកអូរជ្រៅចំនួន ៥.០០០នាក់ និងក្រុងប៉ោយប៉ែតចំនួន ១៩.០០០នាក់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “Gumball ៣០០០ Rally in Cambodia” បានធ្វើនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។ ហេីយនៅរសៀលថ្ងៃទី១៧ខែកញ្ញា ប្រតិភូបានចាកចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាត៊ិប៉ោយប៉ែតទៅប្រទេសថៃ៕