ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានដណ្តើម យកទីក្រុង ក្រាស្នូហ្គោរីវកា (Krasnogorivka) ភាគខាងកើតប្រទេសអ៊ុយក្រែន ព្រមទាំងភូមិចំនួន៣ នៅទីតាំងផ្សេងៗគ្នានៃតំបន់ ដូណេតស៍ (Donetsk)។
ក្រសួងបាននិយាយថា កងទ័ពរុស្ស៊ីបាន រំដោះទីក្រុងនេះ និងភូមិ គ្រីហ្គោ រីវកា (Grygorivka) ភូមិ ហ្គាលីតស៊ីនីវកា (Galytsynivka) និងភូមិ វ៉ូឌៀណេ (Vodiane) ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានប្រើឈ្មោះរុស្ស៊ីសម្រាប់តំបន់លំនៅឋានទាំងបួន។
ទីក្រុង ក្រាស្នូហ្គោរីវកា ដែលមានប្រជាជនរស់នៅចំនួន ១៦.០០០នាក់មុនពេលជម្លោះ ស្ថិតនៅក្នុងតំបន់មួយ ជាទីដែលសមរភូមិជួរមុខនៅតែពុំទាន់មានស្ថានភាពប្រែបម្រួលនៅឡើយរយៈពេលជាច្រើនសប្តាហ៍មកនេះ។
ទីក្រុងនេះស្ថិតនៅចម្ងាយប្រហែល២០ គីឡូម៉ែត្រភាគខាងលិច តំបន់ ដូណេតស៍ (Donetsk)របស់អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ី និងបានបម្រើជាបន្ទាយដ៏សំខាន់សម្រាប់ទីក្រុង Kyiv ។
វាកាន់តែងាយរងគ្រោះ បន្ទាប់ពីការដួលរលំនៅជិតតំបន់ម៉ារីនកា ( Marinka) ក្នុងខែធ្នូ ឆ្នាំ ២០២៣និងតំបន់អាវឌីអ៊ីវកា(Avdiivka) ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
កងទ័ពរុស្សីបាននឹងកំពុងវាយសម្រុករុលទៅមុខជាបន្តបន្ទាប់នៅក្នុងតំបន់ Donetsk ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយកំពុងចូលទៅជិតទី ក្រុងផូក្រូវស៍(Pokrovsk)ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូន ភស្តុភារដ៏សំខាន់សម្រាប់កងកម្លាំងអ៊ុយក្រែន៕ដោយៈBAYON Radio