ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានព័ត៌មានមួយត្រូវបានគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក មានក្មេងៗសិស្សសាលាមួយក្រុម បានជួបជុំគ្នានៅហាងការហ្វេមួយ នៅក្រុងប៉ោយប៉ែត គេចសាលាមិនចូលរៀន នាំគ្នាជក់បារី ក្នុងកាយវិការមិនសមរម្យ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២ៈ៣០នាទីថ្ងៃត្រង់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យនគរបាលផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងបានឃាត់សិស្សសាលាទាំងនោះ យកមកសួរនាំ និងធ្វើការអប់រំ។
សិស្សសាលាដែលនគរបាលឃាត់យកមកអប់រំ មានចំនួន៤នាក់ រួមមាន៖ ១-ឈ្មោះឈឿន រក្សា ភេទប្រុស ២-ឈ្មោះ ហេង សុវីឡា ភេទប្រុស ៣-ឈ្មោះ រ៉ុង ជីងវ័រ ភេទប្រុស ៤-ឈ្មោះ នុក សម្បតិ ភេទប្រុស អង្គុយក្នុងហាងកាហ្វេមួយកន្លែងឈ្មោះអុីណាអុី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាតអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងកាយវិការមិនសមរម្យរួមទាំងមានការជក់បារី។
នៅវេលាម៉ោង ១៦ៈ០៥នាទីល្ងាច ថ្ងៃខែឆ្នាំដដែល សិស្សទាំង៤នាក់ត្រូវបាន កម្លាំងនគរបាលក្រុងប៉ោយប៉ែត នាំយកទៅសាលាពន្លកខ្មែរ ជួបជាមួយលោកនាយកសាលា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចបានប្រគល់ក្មេងទាំងនោះជូនឪពុកម្តាយយកទៅអប់រំបន្តនៅផ្ទះ ៕