ខេត្តបន្ទាយមាមានជ័យ ៖ ដោយគោរពបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដឹកនាំផ្ទាល់ពីលោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅរសៀលម៉ោង១៥ និង០០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បេីកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនជនជាតិថៃម្នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន នៅចំណុចអាគារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំមកកាន់មូលដ្ឋានកងអាវុធហត្ថក្រុងចាត់ការតាមនិតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋថាមានករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់ចំណុចកើតហេតុខាងលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ូផារ៉ាត ឈុំស៊ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
វត្ថុតាងរួមមាន ៖
១.ម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន ០១កូនថង់កិប ទម្ងន់ ២,៨៦ក្រាម
២. ទូរស័ព្ទ ចំនួន ០១គ្រឿង
៣.កូនកាំប៊ិតដងជ័រចំនួន០១ដេីម
៤.កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១
៥.អត្តសញ្ញាណបណ្ណសញ្ជាតិថៃ ចំនួន១សន្លឹក។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យ បានសារភាពថា រូបខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសនូវសារធាតុញៀនពិតប្រាកដមែន ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យជនជាតិថៃម្នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី
បច្ចុប្បន្ន ៖ ជនសង្ស័យ០១នាក់ រួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីបន្ត ៕