ចេញផ្សាយ៖ ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២១ ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលចូលបន្លំខ្លួនលួចធុងដាកលុយអាជីករលក់ដូរអង្កនៅក្នុងផ្ទះ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យរូបនេះបាននៅ វេលាម៉ោង៩និង៣០នាទី ស្ថិតនៅចំណុចផ្លូវបេតុង ក្រុមទី៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ជនសង្ស័យឈ្មោះ ទេព បូរ៉ា ហៅ ចិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ មានផ្ទុកសារធាតុញៀន និងធ្វើតេស្តរកវីរុសកូវីដ-១៩ លទ្ធផលអវិជ្ជមាន ចំណែកជនរងគ្រោះឈ្មោះ បួយ ស៊ីមផាន ហៅ នៅ ភេទស្រី អាយុ៧៣ឆ្នាំ ទីលំនៅផ្ទះកើតហេតុ មុខរបរលក់ដូរ ។
សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងរវល់លក់ដូរ ស្រាប់តែជនសង្ស័យបន្លំចូលទៅលួចយកធុងដាក់លុយនៅខាងក្នុងផ្ទះ ហើយក៏បានឃើញទាន់ ក៏ផ្អើលឆោឡោ ខណៈនោះកម្លាំងសមត្ថកិច្ចឈរជើងនៅគោលដៅជិតកន្លែងកើតហេតុ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងនាំយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ។
វត្ថុតាងរួមមាន ៖ ប្រាក់រៀលចំនួន១.៣៤០.០០០(មួយលានសាមសិមបួនម៉ឺន)រៀល។ បច្ចុប្បន្ន ៖ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕