បង្ក្រាបរថយន្តដឹកសាច់បង្កកជិត៧តោន បានបេសកម្មយកទៅដុតកំទេចចោល ដើម្បីទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់គ្រប់ប្រភេទទាំងអស់នេះ.. ដើម្បីកុំឱ្យមានការប៉ះពាល់ដល់សុខភាពពលរដ្ឋ ..សេដ្ឋកិច្ចជាតិ ព្រមទាំងសុវត្ថិភាពសង្គមជាតិទាំងមូលទៀតឡើយ…!!!

ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចសហការជាមួយមន្ត្រីគយ និងរដ្ឋករ បានបង្ក្រាបនិងនាំយកសាច់បង្កកនាំចូលពីក្រៅប្រទេស ជិត ៧ តោន ឡើងដុតកំទេចចោល កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅជើងភ្នំប្រាក់សំបូរ ភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សាច់បង្កកទំងន់ធំចំនួននេះ ត្រូវបានដុតកំទេចចោលក្រោមវត្តមាន និងការចូលរួមសកម្មពីមន្ត្រីគយកាំកុងត្រូល កម្លាំងអាវុធ មន្ត្រីតុលាការ និងអាជ្ញាធរមូលដ្ឋាន។

រថយន្តដែលប្រើសម្រាប់ដឹកសាច់បង្កក គឺជារថយន្តឃ្លុបម៉ាក FAW ពណ៌ស មានបិទម៉ាកជាច្រើនទាក់ទងនឹងសាច់ បន្លែ ផ្លែឈើ និងម្ហូបប្រភេទផ្សេងៗ ពាក់ផ្លាកលេខ ភ្នំពេញ 3G-7738 ដែលមានអក្សរចិននៅលើរថយន្ត។ ទោះជាយ៉ាងណា អាជ្ញាធរនៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ និងម្ចាស់ក្រុមហ៊ុនរថយន្តនេះនៅឡើយ។

តាមការបង្ហាញពីសមត្ថកិច្ច ការបង្ក្រាបបានកើតឡើងនៅលើផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ។ នៅពេលដំណើររថយន្តដល់ដែនស្រុកភ្នំស្រួច គេបានអនុវត្តប្រតិបត្តិការបង្ក្រាបដោយជោគជ័យ។ ក្នុងចំណោមសាច់បង្កកដែលត្រូវបានរកឃើញ មានជើងមាន់ ស្លាបមាន់ ជើងទា ស្លឹកត្រចៀកជ្រូក គ្រឿងក្នុងជ្រូក និងត្រីប្រឡាក់ជាច្រើន។

ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាក្តីខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការបំផ្លាញសាច់បង្កកខុសច្បាប់នេះ គឺជាវិធានការដ៏ចាំបាច់ក្នុងការពារសុខភាពប្រជាពលរដ្ឋ ព្រោះសាច់ទាំងនេះគ្មានប្រភពដើមច្បាស់លាស់ និងមិនធានាអនាម័យ។ ការដុតកំទេចជាសាធារណៈក៏ជាសារាផ្ញើរទៅកាន់អ្នកនាំចូលខុសច្បាប់ទាំងឡាយឱ្យបញ្ឈប់សកម្មភាពរំលោភច្បាប់។

ក្នុងនាមជាតំណាងអាជ្ញាធរមូលដ្ឋាន លោកចៅសង្កាត់តាំងស្យា បានលើកឡើងថា ការចូលរួមកម្លាំងសហការពីគ្រប់ជាន់ថ្នាក់ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ទំនិញខុសច្បាប់ និងថែរក្សាប្រយោជន៍ប្រជាពលរដ្ឋជាទីមួយ។

អាជ្ញាធរបានបញ្ជាក់បន្ថែមថា នឹងបន្តតាមដានយ៉ាងតឹងរឹង និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់គ្រប់ប្រភេទ មិនឱ្យមានការប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ច និងសុវត្ថិភាពសង្គមទៀតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *