ភ្នំពេញ ៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់មិនឱ្យយកប្រាក់ ដែលហៅថាភាស៊ី ពីប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរចូលនិងឆ្លងកាត់ខេត្តកែប។ ក្នុងសារជាសំឡេងតាមតេឡេក្រាម ជូនជនរួមជាតិ នាព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចទើតែនឹងដឹងនៅព្រឹកមិញនេះទេ ចំពោះអ្នកដែលឆ្លងកាត់ខេត្តកែបទាំងប៉ុន្មានត្រូវបង់ប្រាក់។
សម្ដេចតេជោថ្លែងថា៖ « ខ្ញុំអត់នឹកស្មានថាមានរឿងហ្នឹងកើតឡើងទេ ខ្ញុំបញ្ជាឱ្យអភិបាលខេត្តធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ លុបចោលទាំងស្រុងនូវកិច្ចសន្យាណាក៏ដោយ ដែលមានលក្ខណៈជាការយកប្រាក់សម្រាប់ចូលខេត្ត ដែលហៅថាភាស៊ី»។ សម្ដេចតេជោគូសបញ្ជាក់ថា វាមិនមែនជារឿងវៃឆ្លាតទេ តែជាអំពើឆោតល្ងង់មួយសម្រាប់ខេត្តកែបខ្លួនឯង ហើយក៏វាជាអំពើឆោតល្ងង់នៃស្ថាប័នដែលអនុញ្ញាតឱ្យធ្វើបែបនេះ។ សម្ដេចតេជោបញ្ជាដាច់ណាត់ គឺមិនឱ្យមានការយកប្រាក់ពីប្រជាជនទេ បើសិនជាលោកឯង យកប្រជាជនទៅលេងកម្សាន្តនៅកន្លែងនោះ លោកឯងនឹងចំណេញច្រើនជាង។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំមិននឹកស្មានថា អភិបាលខេត្តល្ងង់ដល់ថ្នាក់ប៉ុណ្ណឹងទេ នេះចេះខ្ញុំរកឃើញថា តាមរយៈហ្វេសប៊ុកដែលគេបង្ហោះ ហើយរឿងនេះវាកើតឡើងអីចឹងមែន»។ ដូច្នេះសម្ដេចតេជោកំពុងនិយាយជាមួយមនុស្ស ដែលកំពុងនៅក្នុងគ្រប់តេឡេក្រាមជាង៦៩ម៉ឺននាក់ថា សម្ដេចបញ្ជាដាច់ណាត់តែម្ដង ឱ្យបញ្ចប់មិនឱ្យមានរឿងនេះកើតឡើងសារជាថ្មី។
គួរបញ្ជាក់ដែរថា គណនីហ្វេសប៊ុកមួយ ឈ្មោះថា Samnang Nov បានបង្ហោះសារមួយ ដោយរៀបរាប់ថា (ទីក្រុងកែប) គិតថាមិនចង់ទៅលេងកំពង់សោម ក៏ប្ដូរមកលេងកំពត ហើយក៏ឆ្លៀតពេលហួសមកលេងកែបមួយជុំ តែបែរជាត្រូវមកខកចិត្តនិងរឿងនេះ ស្រុកគេបន់ឱ្យតែគេនាំគ្នាមកលេងឱ្យច្រើនតែខេត្តនេះប្លែកខុសគេ គ្រាន់តែចូលដល់ត្រូវចំណាយលុយបាត់ទៅហើយ (ជិះកាត់មិនឈប់ក៏ត្រូវបងលុយដែរ) រឿងនេះយ៉ាងមិចវិញលោកអ្នកគ្រប់គ្រងខេត្ត ជួយមើលផង តិចទៀតអស់ភ្ញៀវមកលេងខេត្តលោកទៀតតើលោកបានអ្វីអួតគេ មានរបស់ល្អហើយមិនផ្សព្វផ្សាយបែជាមកយកលុយទាំងអស់បែបនេះ (សួរទៅថាយកថ្លៃអនាម័យ តែកុំមើលក្រុង)៕ដោយ៖ ជឹម ណារី