ខេត្តក្រចេះ ៖ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តក្រចេះ បានត្រៀមផែនការការពារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈរួចរាល់ហើយក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់១៦ខែមេសាឆ្នាំ២០២៣ ខាងមុខ ធ្វើយ៉ាងណាថែរក្សាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋពិសេសភ្ញៀវទេសចរឲ្យមានភាពកក់ក្តៅ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍.. ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានមាន ប្រសាសន៍ថា មកដល់បច្ចុប្បន្ននេះសម្រាប់ភារកិច្ចអាជ្ញាធរខេត្តបានរៀបចំតុបតែងលម្អនៅតាមទីសាធារណៈផ្សេងៗពិសេសគឺទីវត្តអារាមតែម្ដងដែលជាកន្លែងប្រព្រឹត្តទៅនៃសង្ក្រាន្តឱ្យបានស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់។
ឯកឧត្តមបានបន្តថា ក្រៅអំពីការ ជំរុញឲ្យមន្ទីរពាក់ព័ន្ធធ្វើការត្រៀម លក្ខណៈរៀបចំការតាំងលម្អតុបតែង រាល់ទីតាំងកម្សាន្តសប្បាយៗនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឲ្យបានស្អាតនិងទាក់ទាញហើយនោះ អាជ្ញាធរខេត្តក៏បានជំរុញឲ្យគណៈបញ្ជាការឯកភាពក្រុងស្រុកត្រៀមកម្លាំងក្នុងការការពារថែរក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់របៀប រៀបរយថែមទៀត ធ្វើយ៉ាងណាឲ្យការចូលមកលេងកម្សាន្តរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ នៅថ្ងៃចូលឆ្នាំនោះប្រកបដោយភាពសប្បាយរីករាយនិងមានទំនុកចិត្ត។
សំឡេង:”ក្នុងនាមថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលស្រុកក្រុងនិងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានសហការត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ដែលយើងបានដាក់ចេញនូវវិធានការជាច្រើនដោយផ្សព្វផ្សាយនិងជំរុញទៅអ្នកពាក់ព័ន្ធទាំងអស់ចូលរួមថែរក្សាសុខសណ្ដាប់ធ្នាប់សុវត្ថិភាពរបៀបរៀប រយសង្គមរៀបចំកន្លែងកម្សាន្តនានា ក៏ដូចជាចូលរួមអនុវត្តនូវសុវត្ថិភាពសុខាភិបាល ការគោរពច្បាប់ចរាចរណ៍ព្រមទាំងប្រធានការនានាទៀតសំដៅឲ្យការចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូនហើយប្រជាពលរដ្ឋបានសប្បាយរីករាយពេញចិត្តនិងការដើរលំហែកម្សាន្តក្នុងពេលចូលឆ្នាំថ្មីខាងមុខនេះ”។ ឯកឧត្តមបានបញ្ជាក់ថា ក្រៅពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទហើយនោះ នៅតាមឃុំសង្កាត់ក្រុងស្រុកសុទ្ធតែមានប្រជាការពារដែលជាកម្លាំងស្នូលក្នុងការរក្សាសុខសណ្ដាប់ធ្នាប់តាមមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងថា ជារៀង រាល់ឆ្នាំឲ្យតែមានកម្មវិធីបុណ្យទានធំៗកងកម្លាំងអាវុធហត្ថតែងតែសហការជាមួយអង្គភាពពាក់ព័ន្ធបែងចែកកម្លាំងដើម្បីឈរជើងការពារនៅតាមរមណីយដ្ឋាននីមួយៗទាំងទីប្រជុំជននិងទីតាំងប្រារព្ធនៅពិធីបុណ្យជាតិធំៗដូចជាបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរបានជាប់ជានិច្ចដើម្បីផ្ដល់ស្នាមញញឹមជូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
សំឡេង:”ជារៀងរាល់ឆ្នាំដោយមានបទបញ្ជានិងផែនការរបស់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែដាក់ផែនការដល់បណ្ដាអង្គភាពយកចិត្តទុកដាក់និងសហការជាមួយកងកម្លាំងនគរបាលជាតិដូច្នេះអង្គភាពកងរាជអាវុធហត្ថាក៏បានធ្វើផែនការបែង ចែកកម្លាំង ល្បាតនិងឈរនៅតាមគោលដៅដូចជាទីប្រជុំជន វត្តអារាម និងកន្លែងរមណីយដ្ឋានទេសចរណ៍មួយចំនួនដែលនៅក្នុងខេត្តក្រចេះរបស់យើង” ៕ ប្រភពៈក្រសួងព័ត៌មាន