ក្រុមរើសអេតចាយនៅពេលយប់ និងតែងតែដើរគាស់ផ្ទះអ្នកភូមិដែលគេមិននៅ ចូលលួចយកសម្ភារៈ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន !!!
ចេញផ្សាយ:ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១
ចាងហ្វាងការផ្សាយ:លោក ឡាយ សុជាតិ
Tel : 092 917708/097 5656393
www.cambodiastardailynews.com
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្រុមជនសង្ស័យជាអ្នកអូសរទេះ និងដើរស្ពាយការ៉ុងរើសអេដចាយតែបន្លំគាស់ផ្ទះអ្នកស្រុកចូលលួចទ្រព្យសម្បត្តិ៍ពេលយប់ ជាបន្តបន្ទាប់ចំនួន០៩នាក់ បញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្តនៅរសៀលថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងមានការយកចិត្តទុកដាក់ណែនាំពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះល្បាតនៅពេលយប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៩នាក់ នាំយកមកអធិការដ្ឋាន ដើម្បីស្រាវជ្រាវសួរនាំបក្សពួកជាបន្តបន្ទាប់ទៀត។
លោកអធិការបញ្ជាក់ថា ៖ ខណៈដែលកងកម្លាំងនគរបាលចុះល្បាត នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើររើសអេតចាយស្ពាយការ៉ុង ក៏សង្ស័យ ធ្វើការឆែកឆេរឃើញវត្ថុតាង ក្បាលរ៉ូមីណេទឹក កន្លះការ៉ុង។
តាមចម្លើយសារភាពជនង្ស័យ០២នាក់ខាងលើ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កម្លាំងបានចុះទៅស្រាវជ្រាវឃាត់ខ្លួន បក្សពួកចំនួន០៧នាក់ បន្ថែមទៀត នៅចំណុចផ្ទះជួលក្នុងភូមិសាស្ត្រខាងលើ រកឃើញវត្ថុតាងបន្ថែមទៀតរួមមាន៖
កង្ហាត្រជាក់០១.ចានបង្គន់០១. ភ្លើងហ្វា០១.ឧបករណ៍បន្ទប់ទឹក+ខ្សែរភ្លើងមួយចំនួន.កញ្ចក់ស៊ុលឡា០៦.ដុំឌីសង់ទ័រ១៦.រ៉ឺម៉កកង់បី០១.កាំបិតក្វែវ០១.ពូថៅ០២.ដាវ០១.ដបជក់គ្រឿងញៀនចំនួន០៣។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដើរស្ពាយការ៉ុង និងអូសរទេះរើសអេតចាយនៅពេលយប់ និងតែងតែដើរគាស់ផ្ទះអ្នកភូមិដែលគេមិននៅ ចូលលួចយកសម្ភារៈ និងទ្រព្យសម្បត្តិអ្នកភូមិស្រុកពិតប្រាកដមែន។
ដោយឡែក៖ លទ្ធផលធ្វើតេស្តលើជនសង្ស័យទាំង០៩នាក់ មានជាប់សារធាតុញៀនចំនួន០៩នាក់ ៕
ដោយៈលោកស្រី គង់ បូរី ប្រធានសាខាក្រុងប៉ោយប៉ែត