ខេត្តកំពង់ចាម ៖ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តំពង់ចាម បានក្រើនរំលឹកដល់ក្មួយៗយុវជន ឱ្យខិតខំកសាងខ្លួនប្រកបដោយគុណសម្បត្តិ ៣យ៉ាងគឺ បញ្ញា សីលធម៌ និងកាយសម្បទា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃការអភិវឌ្ឍធនធានមនុស្ស ហើយត្រូវរស់នៅឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនផងដែរ ។
ការថ្លែងបែបនេះក្នុងពិធីបិទការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ « បេះដូងយុវជនឌីជីថលក្នុងយុគសម័យតេជោសន្តិភាព » នាល្ងាចថ្ងៃពុធ ៨កើត ខែចេត្រ ឆាំ្នខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាល័យសម្ដេចជួនណាត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ការប្រកាន់ខ្ជាប់នូវឥរិយាបថល្អ មានទំនុកចិត្តលើខ្លួនឯង ឧស្សាហ៍ព្យាយាម អំណត់អត់ធន់ក្នុងការងារ មានសច្ចៈទៀងត្រង់ មានអធ្យាស្រ័យ ចេះជួយយកអាសាគ្នាទៅវិញទៅមកនិងក្លាយជាមនុស្សដែលគេគោរព ស្រឡាញ់។
ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាក់ថា អ្វីដែលសំខាន់របស់មនុស្សគ្រប់រូបគឺការគោរពប្រតិបត្តិទៅតាមដំបូន្មានឪពុកម្តាយ ស្តាប់គ្រូពន្យល់ណែនាំ និងឧស្សាហ៍ព្យាយាមធ្វើការសិក្សាស្រាវជ្រាវ ដោយត្រូវបង្កើនការអានពង្រីកចំណេះដឹង ពិសេសត្រូវខិតខំប្រើប្រាស់សមត្ថភាព ផ្ទាល់ខ្លួនដើម្បីកិត្តិយស សេចក្ដីថ្លៃថ្នូរក្នុងនាមជាអ្នកសិក្សា និងជាយុវជនគំរូ ហើយនៅពេលទំនេរកុំភ្លេចលេងកីឡា ចំពោះការលេងកីឡា គឺជាការរួមចំណែក ក្នុងការអភិវឌ្ឍសុខភាព និងបញ្ញាស្មារតី ព្រមទាំងចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ ឱ្យបខ្ជាប់ខ្ជួន។
ឯកឧត្តម អ៊ុន ចាន់ដាបានបន្តថា ការវិនិយោគលើយុវជនជាតម្រូវការចាំបាច់ ដើម្បីប្រទេសជាតិមានធនធានមនុស្ស គ្រប់គ្រាន់សម្រាប់ជាកម្លាំងកសាង និងការពារសង្គមជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត ហើយការបោះជំរំយុវជនខេត្តកំពង់ចាម ឆ្នាំ២០២៣ នាពេលនេះ ជាកម្មវិធីអភិវឌ្ឍ និងបង្កើនសមត្ថភាពយុវជន លើការអប់រំ ផ្លូវចិត្តព្រោះការបោះជំរំនេះ ធ្វើឱ្យយុវជនចេះសង្កេត ចេះពិចារណាដោយ បង្កើនស្មារតីធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រឡាញ់ ថែរក្សា ការពារបរិស្ថាន ប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាពជាពិសេស ការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍របស់យុវជនផងដែរ ៕ ដោយ៖ ឆាយ ម៉ុត