ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីសម្ពោធអគារកុដិសាមណេរ ចំនួន ១ខ្នង និងប្រគល់អំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនយាយជីតាជី និងប្រជាពលរដ្ឋ ចំនួន ៥០០គ្រួសារ នៅវត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ពិធីជួបជុំនានា នឹងមិនអាចកើតមានបានទេ ប្រសិនបើប្រទេសរបស់យើង គ្មានសុខសន្តិភាព ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ ឈានទៅបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុងនៅឆ្នាំ១៩៩៩ និងនយោបាយស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ ។ ការណ៍នេះធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើង ក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន កម្ពុជាមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ជាង ២ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់សរុបប្រមាណជាង ៧០ម៉ឺនគ្រួសារ ដែលស្មើនឹង ២,៧លាននាក់ នៅទូទាំងប្រទេស ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ៩៣២លានដុល្លារ។ បើទោះជាពេលនេះ បញ្ហាកូវីដ-១៩លែងក្លាយជាបញ្ហាប្រឈមក្តី ក៏ប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បាន និងកំពុងបន្តរងគ្រោះដោយសារសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន នោះគឺ វិបត្តិអថិផរណា។ជាមួយគ្នានេះដើម្បីរួមចំណែកសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣ នេះ គ្រោងចំណាយថវិកាជាតិ ចំនួន ៤៦៥លានដុល្លារបន្ថែមទៀត ដើម្បីជួយសម្រួលជីវភាពគ្រួសារងាយរងហានិភ័យ នៅក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជារងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ នៅតាមបណ្ដាខេត្តមួយចំនួន។
ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបំពេញភារកិច្ចផ្តល់សេវាចាំបាច់ នានានៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យទាន់សភាពការណ៍ ហើយត្រូវរាយការណ៍ទៅថ្នាក់លើជាបន្ទាន់ ចំពោះបញ្ហាណាដែលយល់ថា ធំហួសពីលទ្ធភាព ឬក៏ដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានប្រគេនទេយ្យទានរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដល់វត្តប្រាសាទស្រះកណ្តាល រួមមាន ៖ អង្ករ ចំនួន ១តោន ទឹកបរិសុទ្ធ ចំនួន ៣០កេស ទឹកក្រូច-ទឹកផ្លែឈើ ចំនួន ៣០កេស ទឹកដោះគោ ចំនួន ៤កេសធំ ស្ករស ចំនួន ១០០គីឡូក្រាម ត្រីខកំប៉ុង ចំនួន ៤កេសធំ និងមី ចំនួន ១២កេស។ និងបានប្រគេនដល់ព្រះសង្ឃដែលនិមន្តចូលរួម ក្នុង ១អង្គៗរួមមាន ៖ គ្រែ ចំនួន ១ ត្រៃ ចំនួន ១ លាង ចំនួន ១ ពូក ចំនួន ១ ខ្នើយ ចំនួន ១ ភួយ ចំនួន ១ ស្រោមខ្នើយ ចំនួន ១ ក្រម៉ាពោះគោ ចំនួន ១ ថ្នាំដុសធ្មេញ ចំនួន ១ប្រអប់ ច្រាសដុសធ្មេញ ចំនួន ១ សាប៊ូម្ស៉ៅ ចំនួន ១កញ្ចប់ សាប៊ូដុសខ្លួន ចំនួន ១ដុំ ប៊ិច-សៀវភៅ ចំនួន ១ឈុត ក្រដាស ចំនួន ១ដុំ និងបច្ច័យ ចំនួន ១ម៉ឺនរៀល។
ដោយឡែករបស់អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលឯកឧត្តម ស សុខា បានប្រគល់ជូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ២៥គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១ដុំ ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន ១យួរ ក្រម៉ា ចំនួន ១ និងថវិកា ចំនួន ២ម៉ឺនរៀល៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត