ចេញផ្សាយ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៣ ព្រឹកថ្ងៃអង្គារ ៧កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ និងនាយនាវីជាច្រើនរូប បានអញ្ជើញស្វាគមន៍ដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ របស់នាវាឃ្លាំមើលកងទ័ពជើងទឹកបារាំង ០១គ្រឿង ឈ្មោះ Prairial (F-731) ដឹកនាំដោយវរនាវីឯក Francois Maignan មេបញ្ជាការនាវាឃ្លាំមើលផ្ទៃសមុទ្រកងទ័ពជើងទឹកបារាំង ដែលបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៥ថ្ងៃរួចមក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។
ក្នុងដំណើរចូលចតទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា គណ:ប្រិតភូកងទ័ពជើងទឺក បារាំង បានអញ្ជើញចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ, មេបញ្ជាការជើងទឹកមូលដ្ឋានសមុទ្ររាម, និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនទៀតផងដែរ។
ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្រុមនាវឹកបានធ្វើដំណើរកម្សាន្តនៅក្រុងព្រះសីហនុ និងមានការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងកងទ័ពជើងទឹកបារាំង និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម នៅសាលាអនុវិទ្យាល័យក្រុងព្រះសីហនុ និងមានកម្មវិធីជាច្រើនផ្សេងទៀត។
លក្ខណៈបច្ចេកទេសនាវា Prairial (F-731) មានបណ្ដោយ ៩៤ម៉ែត្រ ទទឹង ១៤ម៉ែត្រ ជម្រៅទឹក ៤.៣ម៉ែត្រ ទម្ងន់ផ្ទុក ២៩៥០តោន មានផ្ទុកឧត្ថម្ភាចក្រ ០១គ្រឿង ប្រភេទ Dauphin មាននាវិកលើនាវាសរុប ១០១នាក់ ដឹកនាំដោយមេបញ្ជាការនាវា វរនាវីឯក Francois Maignan ។ សូមបញ្ជាក់ថា នៅដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួលនាវាកងទ័ពជើងទឹកបរទេស សុំចូលចតជាច្រើនគ្រឿង មានដូចជា៖ នាវាកងទ័ពអង់គ្គេស, នាវាកងទ័ពប៉ាគីស្ថាន, នាវាកងទ័ពជើងទឹកឥណ្ឌា, នាវាឃ្លាំមើលផ្ទៃសមុទ្រកងទ័ពជើងទឹកបារាំង និងមាននាវាកងស្វ័យការពារជើងទឹកជប៉ុន នឹងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះផងដែរ ៕ដោយ ងូ សុមុនី