ភ្នំពេញ ៖ ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅសណ្ឋាគារ សុខាភ្នំពេញ។
ក្នុងកម្មវិធីនោះ ឯកឧត្តម ស សុខា បានប្រគល់សេចក្តីសម្រេចតែងតាំង ឯកឧត្តម សោម ភិរុណជាប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកំពង់ឆ្នាំង និងអស់លោក លោកស្រី ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ៩ ខេត្ត ក្រុង ព្រមទាំងមានការចូលរួមពី សមាជិក សមាជិការ នៃអង្គសន្និបាតចំនួន ៦២១ អង្គ/នាក់។
នាឱកាសនោះ ឯកឧត្តម សោម ភិរុណ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យប្រចាំខេត្តកំពង់ឆ្នាំង បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំទាំងអស់ របស់សមាគម ដែលបានជឿជាក់ និងផ្តល់ទំនុកចិត្ត មកលើរូបឯកឧត្តម ហើយឯកឧត្តមនឹងខិតខំអនុវត្តតួនាទី ភារកិច្ច និង គោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម ដោយបង្កើនទំនាក់ទំនង សហការល្អ ជាមួយអាជ្ញាធរនៅក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចតាមគោលបំណង និងទិសដៅរបស់សមាគម។
ឯកឧត្តម ស សុខា មានប្រសាសន៍សំណះសំណាលនឹងផ្តាំផ្ញើ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានប្រារព្ធធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ ២០២៣ ស្របតាមប្រធានបទ “រួមគ្នាផ្សព្វផ្សាយព័ត៌មានពិតកុំប្រឌិតព័ត៌មានក្លែងក្លាយដើម្បីសង្គមនិងមនុស្សជាតិទាំងមូល”ដែលឃ្លានេះរឹតតែឆ្លុះបញ្ចាំងពីឆន្ទៈរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យដែលបានចូលជាមួយរាជរដ្ឋាភិបាលក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាពនិងបានទាន់ពេលវេលាផងដែរ។
ជាចុងក្រោយ ឯកឧត្តម ស សុខា ក៏បានបញ្ជាក់ទៀតថា សមាគម ត្រូវបន្តសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានទូទៅ ពិសេសអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន សមាជិករបស់ខ្លួនឲ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារ បានរហ័ស ទាន់សភាពការណ៍ និងត្រូវបង្កើតឡើងនូវកាលានុវត្តភាពថ្មីសំរាប់ទប់ ទល់នឹងបញ្ហាប្រឈម ដែលអាចកើតឡើងនាពេលអនាគតដែលយើងមិន អាចប៉ាន់ស្មានបាន។ ជាពិសេសត្រូវបញ្ចូលការផ្សព្វផ្សាយអំពីស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាកម្មវិធី កម្សាន្តនានានៅព្រឹត្តិការណ៍ចូលឆ្នាំខ្មែរខាងមុខនេះ ឱ្យបានទូលំទូលាយ នៅក្នុងផែនការឆ្នាំ២០២៣៕