ខេត្តសៀមរាប ៖ ថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៣ សិក្ខាកាមនៃកម្មវិធីបណ្ដុះបណ្ដាលភាសាអង់គ្លេសលើផ្នែកស្រាវជ្រាវនិងអភិរក្ស ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរាបានចុះធ្វើកម្មសិក្សាឈ្វេងយល់ដោយផ្ទាល់ពីកិច្ចការមួយចំនួននៅប្រាសាទអង្គរវត្ត ដែល ការចុះកម្មសិក្សានេះដឹកនាំដោយលោកស្រីសាស្រ្ដាចារ្យ Barbara Anello គ្រូបង្រៀនភាសាអង់គ្លេសលើវិស័យបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា។ នៅក្នុងការចុះធ្វើកម្មសិក្សាកាលពីថ្ងៃ១០រោចខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣ ឆ្លៀតពេលពីការពន្យល់ដល់សិក្ខាកាមលោកស្រីសាស្រ្ដាចារ្យ Barbara Anello បានឱ្យដឹងថា នេះជាកម្មវិធីពង្រឹងសមត្ថភាពមន្រ្តី និងបុគ្គលិកអាជ្ញាធរ ដែលមកពីផ្នែកសារមន្ទីរ វប្បធម៌ ពិសេសផ្នែកអភិរក្សនិងជួសជុល។ កម្មវិធីសិក្សានេះដែរ ក៏ផ្តោតសំខាន់លើការពង្រឹង សមត្ថភាពភាសាអង់គ្លេសលើជំនាញបច្ចេកទេស។ លោកស្រី Barbara Anello បានបន្តថា កម្មវិធីបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា ដែលទទួលបានថវិកាពីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។ ចំពោះសិក្ខាកាមចូលរួមមានមន្រ្តី បុគ្គលិកនៅអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក និងសារមន្ទីរជាតិអង្គរ ដែលមានការសិក្សាផ្ទាល់ និងតាមអនឡាញ។
គួរបញ្ជាក់ថា សិក្ខាកាមទាំងអស់ត្រូវបានទទួលនូវការពន្យល់យ៉ាងក្បោះក្បាយពីសំណាក់លោក ឡុង ណារី មន្រ្តីផ្នែកអភិរក្សអាជ្ញាធរជាតិអប្សរា ដែលបានពន្យល់អំពីការងារ អភិរក្សលោកតារាជ បណ្ណាល័យខាងជើង និងគម្រោងអភិរក្សរបស់អាល្លឺម៉ង់។ ចំណែក អ្នកស្រី ហ៊ិន ចាន់តារា បុគ្គលិកអាជ្ញាធរជាតិអប្សរា និងជាសិក្ខាកាមមួយរូបបាននិយាយថា វគ្គសិក្សានេះបានជួយឱ្យអ្នកស្រីមានចំណេះដឹងផ្នែកភាសាអង់គ្លេសជំនាញ រួមបញ្ចូលនឹងចំណេះដឹងផ្នែក បេតិកភណ្ឌវប្បធម៌ ដោយអ្នកស្រីបញ្ជាក់ថា វគ្គពង្រឹងសមត្ថភាពនេះនឹងជួយមន្រ្តី បុគ្គលិកអាជ្ញាធរមានដើមទុន សម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ការសិក្សាស្រាវជ្រាវ និងចងក្រងជាសៀវភៅជុំវិញកិច្ចការដែលពួកគេកំពុងធ្វើរាល់ថ្ងៃបានផងដែរ៕ដោយ៖ ហង្ស សៀក