ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣នេះនៅវេលាម៉ោង១៣និង៣៩នាទី ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាត់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះ ឃាត់ជនសង្ស័យជនជាតិថៃ០៤នាក់ ករណីរំលោភសេពសន្ទវៈ (ស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលវេលាម៉ោង០១និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ស្នាក់នៅ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ អាយុ១៧ឆ្នាំ ជាជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន ៖
១/ឈ្មោះ ភីឡាផុន ឃុនដែងឌី(ម៉ៃ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។
២/ឈ្មោះ ផានុផុង អ៉ីណក(អាម) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ។
៣/ឈ្មោះ វ័រឡាវុធ កិណតាន់(អូដ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ។
៤/ឈ្មោះ អាក់មនថេត ប៊ូឡាក់ថេត(អើត) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។ ជនសង្ស័យទាំង៤នាក់ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ០៤នាក់ នៅចំណុចបន្ទប់ស្នាក់នៅស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។
ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យទាំង៤នាក់ បានឆ្លេីយថា ពួកខ្លួនពិតជាបានរំលោភសេពសន្ទវៈលើនារីរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ចូនមកកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ផងដែរ ។
បច្ចុប្បន្ន ៖ ជនសង្ស័យជនជាតិថៃទាំង០៤នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣៕