មន្ត្រីរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំពាវនាវឱ្យរួមគ្នាបញ្ឈប់សម្លាប់សត្វព្រៃ !!!

ខេត្តស្ទឺងត្រែង៖ នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៣មន្ត្រីរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំពាវនាវអ្នកមានអាវុធកែច្នៃសូមយកមកប្រគល់ឱ្យអាជ្ញាធរមូលដ្ឋាន ដើម្បីយើងរួមគ្នាអភិរក្សសត្វព្រៃ តាមរយៈបញ្ឈប់ការបរបាញ់ ហើយងាកមកការពារ និងស្រឡាញ់ជីវិតសត្វវិញ ។ ក្នុងឱកាសចុះល្បាតតាមតំបន់ព្រៃសហគមន៍ភ្នំប្រជុំមិត្តនៅភូមិឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ លោកហ៊ុនសំអឿន នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា៖បងប្អូនប្រជាពលរដ្ឋ ដែលមានអាវុធកែច្នៃហើយនាំគ្នាបរបាញ់សត្វព្រៃ ជាអំពើខុសច្បាប់នេះ សូមយកមកប្រគល់ជូនអាជ្ញាធរដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់សម្បត្តិធនធានធម្មជាតិ ទាំងអស់គ្នា ។ លោកបន្តថា៖ នៅក្នុងតំបន់ព្រៃសហគមន៍ប្រជុំមិត្ត. ព្រៃជាំពេជ្រ មានពពួកសត្វចតុបាត និងសត្វ ស្លាប កំពុងរស់នៅ ជាច្រើនប្រភេទដូចនេះសូមបងប្អូនប្រជាជនយើងជួយអភិរក្ស គ្រាន់តែឈប់កាប់ព្រៃរានយកដី ឈប់ដាក់អន្ទាក់និងឈប់បរបាញ់សត្វព្រៃតែប៉ុណ្ណោះ ។ លោកសនសារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ បានគាំទ្រចំពោះយន្តការនេះ ហើយក្នុងនាមអាជ្ញាធរស្រុក លោកនឹងឱ្យមេឃុំ ប្រធានសហគមន៍ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារធនធានធម្មជាតិ ជាពិសេសច្បាប់ការពារសត្វព្រៃបន្ថែម ឱ្យបានទូលាយ ទៅដល់ប្រជាពលរដ្ឋ ហើយនាំគ្នាអនុវត្តតាម ព្រោះវាជាសម្បត្តិធនធាននៅក្នុងព្រៃសហគមន៍របស់ពួកគាត់ ។

លោកអន លន ប្រធានសហគមន៍ ព្រៃប្រជុំមិត្តបានបញ្ជាក់ថា៖បច្ចុប្បន្នប្រជាជនយើងកាត់ បន្ថយបានច្រើន ដូចជាបញ្ឈប់ការកាប់ឈើ ការបរបាញ់សត្វ ដែលយើងកំពុងនាំគ្នាអភិរក្ស នៅក្នុងព្រៃសហគមន៍ ប្រជុំមិត្ត ដែលមានទំហំផ្ទៃដី ៣.២៥៣ ហិកតា នៅភូមិ ឃុំ សំអាងស្រុកថាឡាបរិវ៉ាត់។ លោកបន្តថា៖ ជាមួយគ្នានេះកម្លាំងសហគមន៍ បានចុះធ្វើល្បាតក្នុងមួយសប្តាហ៍ម្តង ហើយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏បានដាក់កាមេរ៉ាសុវត្ថិភាព ចំនួន ៦ចំណុចសំខាន់ៗដូចជា,ចំណុចអូរឆាច់ឆារ , ចំណុចអូរជាំជ័យ , ចំណូចអូរជាំផ្តៅ ,ចំណុចព្រៃព្រិច .ចំណុចព្រៃស្មៅស្រោង និងព្រៃពាក់កណ្តាលស្មៅស្រោង ជាដើម ។ សូមបញ្ចាក់ថា៖ កិច្ចការអភិរក្សនេះ ក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឆែកឆេរមើល តាមរយៈការមេរ៉ាសុវត្ថិភាព ក្នុងពីរខែម្តង បានបង្ហាញវត្តមានសត្វព្រៃ កំពុងរស់នៅក្នុងភូមិសាស្ត្រសហគមន៍ព្រៃប្រជុំមិត្តនិងភ្នំជាំពេជ្រ មានដូចជាសត្វ,ទន្សោងគោព្រៃ ,ខ្ទីង ប្រើស, រម៉ាំង, ជ្រូកព្រៃ, ប្រម៉ា ,ស្វាធំ .សត្វតូច និងសត្វស្លាបមាន ក្ងោក, មាន់ព្រៃ ,មាន់ទោ,ទីទុយ , ខ្លែងស្រាក, ត្រដក់.ជាដើម៕ វិទ្យុជាតិកម្ពុជា ៖ គឹមហឿនស្ទឹងត្រែង

You might like

Leave a Reply

Your email address will not be published. Required fields are marked *