ខេត្តបន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដោយមានកិច្ចសហការល្អរវាងកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសនិងលោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរកជនសង្ស័យម្នាក់ឈ្មោះ សឿង ហ៊ាន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលបានធ្វើសកម្មភាពសម្លាប់ម្ដាយក្មេកនៅខេត្តព្រៃវែង កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣រួចបានរត់គេចខ្លួនមកក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឱ្យដឹងថា បន្ទាប់ពីបានធ្វេីការស្រាវជ្រាវអស់រយៈពេល៤ថ្ងៃ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តទាំងពីរ បានកំណត់មុខសញ្ញាបានតាមរយៈជនសង្ស័យយកម៉ូតូរបស់ខ្លួនដែលជិះគេចខ្លួនក្រោយពីធ្វើសកម្មភាពសម្លាប់ម្តាយក្មេកនៅខេត្តព្រៃវែងទៅបញ្ចាំនៅហាងបញ្ចាំមួយកន្លែងក្នុងក្រុងប៉ោយប៉ែត បន្ទាប់មកបានគេចខ្លួនទៅច្រកដូង(ច្រកឡែម)ខេត្តបាត់ដំបង ក្នុងគោលបំណងបម្រុងឆ្លងដែនទៅប្រទេសថៃ។
បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថខេត្តទាំងពីរ បានសុំកិច្ចសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចបេនឡានច្រកឡែម ស្ថិតនៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង នៅវេលាម៉ោង១៩និង០០នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវីធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តទៀតថាក្រោយពីបំពេញនីតិវិធីរួចជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕