ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ មួយរយៈចុងក្រោយនេះ សង្កេតឃើញថា មានសារពត៌មាន គេហទំព័រ និងអង្គភាពសារព័ត៌មានមួយចំនួន បានចុះផ្សាយជាបន្តបន្ទាប់ ស្តីពីកាស៊ីណូ១កន្លែង នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតថា មានពលរដ្ឋខ្មែរជាច្រើនបានចូលលេង ល្បែងស៊ីសង ជល់មាន់ខុសច្បាប់។
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវ និង ហៅម្ចាស់ទីតាំងសួនាំ ធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីបិទទីតាំងអាជីវកម្មមួយនេះ។
ជុំវិញករណីនេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកព័ត៌មានឲ្យដឹងថា ជាលទ្ធផល ក្រោយចុះស្រាវជ្រាវពិនិត្យទីតាំងជាក់ស្តែង កាស៊ីណូឆាយណាថោន នៅចំនុចភូមិទួលពង្រ សង្កាត់អូរឬស្សី ជាកាស៊ីណូមានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ មានបុគ្គលិកជាពលរដ្ឋខ្មែរបម្រើការងារទីនោះជាច្រើនរូប ហើយកាស៊ីណូនេះ បានបិទទ្វារមិនធ្វើអាជីវកម្មមួយរយៈហើយ។
ពាក់ព័ន្ធការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន មួយចំនួន បានចុះផ្សាយបន្តគ្នាថា ៖
១-មានជនជាតិខ្មែរចូលលែងកាស៊ីណូខាងលើ ជារឿងមិនពិតទេ ជនជាតិខ្មែរទាំងនោះគឺជាបុគ្គលិកបម្រើការងារប៉ុណ្ណោះ។
២-ចំពោះមានការបើកលែងខុសច្បាប់គគ្រឹកគគ្រេង មិនពិតទេ ព្រោះកាស៊ីណូគេមានច្បាប់ត្រឹមត្រូវ។
៣-ចំពោះការចេញផ្សាយលើគេហទំព័រសារព័ត៌មាន ប្រើប្រាស់រូបភាពចាស់យូរហើយ និង រូបភាពខ្លះមិនមែនទីតាំងនេះទៀតផង។ ៤-ការចុះពិនិត្យជាក់ស្តែង ទីតាំងកាស៊ីណូមួយនេះ បានបិទទ្វារមិនធ្វើអាជីវកម្មជាង១០ថ្ងៃមកហើយ។
ដូច្នេះដើម្បីរក្សាបាននូវគុណតម្លៃអ្នកសារពត៌មាន អាជីព មានវិជ្ជាជីវ: សូមលោក លោកស្រី ម្ចាស់គេហទំព័រទាំង៥ ខាងលើ សូមចុះផ្សាយកែតម្រូវឡើងវិញ ក្នុងករណីបន្តសកម្មភាពចុះផ្សាយខុសពីការពិត អង្គភាពយើងខ្ញុំនឹងមានចំណាត់ការតាមផ្លូវច្បាប់។
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្នើដល់ លោក លោកស្រី ប្រធានអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមមានក្រមសីលធម៌ និងវិជ្ជាជីវ: ធ្វើការចុះផ្សាយអ្វីមួយត្រូវប្រមូលប្រភពព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ រិះគន់ដើម្បីស្ថាបនា កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួច បែជាចុះផ្សាយបំភ្លើសការពិត ដែលនាំឲ្យប៉ះពាល់ដល់ កិត្តយស សេចក្តីថ្លៃថ្នូរ ការខិតខំប្រឹងប្រែង របស់នគរបាលជាតិ និងធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថាប័នអនុវត្តច្បាប់៕