ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ MC៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក១២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឱ្យកាន់តែផុសផុលបន្ថែមទៀត ដើម្បីឱ្យសាធារណជនបានដឹង ពីគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍ជាប្រតិសាស្រ្តដ៏សំខាន់នេះ។ ការជំរុញបែបនេះរបស់ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារលើការ កំណត់ប្រភេទកីឡាដែលត្រូវផលិត និងធ្វើការផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ឯកជនក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាសាលព្រះវិហារ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានមាន ប្រសាសន៍ថា សម្រាប់កិច្ចប្រជុំពិភាក្សាការងារនេះក្នុងគោល បំណងដើម្បីបែងចែកប្រភេទកីឡាដែលត្រូវផលិត និងតួនាទីក្នុងការ ផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ឯកជន ក្នុងការរៀបចំនូវសម្ភារៈ បរិក្ខារនិងបច្ចេកទេស ដើម្បីថតផ្សាយគ្រប់សកម្មភាពកីឡាទាំងអស់ឆ្ពោះទៅកីឡាស៊ីហ្គេម។
ឆ្លៀតក្នុងឱកាសនោះដែរកិច្ចប្រជុំពិភាក្សានេះដែរ ឯកឧត្តម បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ឱ្យកាន់តែផុសផុលបន្ថែមទៀត ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះ បានបង្ហាញឱ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ តាមរយៈកីឡាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ២០២៣នេះ។ គួរជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ ៕ ប្រភព៖ក្រសួងព័ត៌មាន