ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី ហៅវត្តចិនដំដែកខាងជើង ស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពិធីបុណ្យកាន់បិណ្ឌវេនទី១ បានប្រពឹត្តទៅដោយនៅថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៣ រសៀល ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ រួមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ អស់លោក លោកស្រី មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញមកជួបជុំដើមវេន និងពុទ្ធបរិស័ទដើម្បីប្រារព្ធបទនមស្ការចំពោះ គុណព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។
ពិធីបុណ្យកាន់បិណ្ឌវេនទី១ នឹងបន្តទៅព្រឹកថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយវេលាម៉ោង ៩:៣០នាទីព្រឹក នឹងមានធ្វើពិធីរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃនិមន្តព្រះសង្ឃដារ បង្សុកូល ពហូឆ្លងឧទ្ទិសកុសលជូនញាតិកាលទាំង៧សណ្តានដែលបានចែកឋានទៅ ជាកិច្ចបង្ហើយវេនបិណ្ឌទី១។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតជាច្រើន នៃប្រពៃណីព្រះពុទ្ធសាសនារបស់ពុទ្ធសាសនិកប្រជារាស្រ្តខ្មែរគ្រប់ៗរូបទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក៕ដោយៈក្រសួងព័ត៌មាន