ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ដោយបានគូសបញ្ជាក់ថា ការសម្រេចចិត្តខុសរបស់ថ្នាក់ដឹកនាំវិទ្យុ VOD ធ្វើឲ្យបាត់បង់ឱកាស និងប៉ះពាល់ដល់បុគ្គលិក។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តម ស សុខា ៖
[ខ្ញុំតាមដានករណី វីអូឌី ច្រើនថ្ងៃដែរ ទម្រាំខ្ញុំសំយោគធ្វើមូលវិចារណ៍។ ជាបឋម ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមសំដែងការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចឲ្យក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណរបស់វីអូឌី (VOD) នាប៉ុន្មានថ្ងៃនេះ។
មែនទែនទៅ ខ្ញុំចង់បញ្ជាក់ជូនថា ខ្ញុំក៏ជាអ្នកចូលចិត្តតាមដាន និងឱ្យតម្លៃព័ត៌មាន មិនថា អង្គភាពនោះលំអៀង ស្រប ឬឯករាជ្យនោះទេ។ ផ្ទុយមកវិញ ខ្ញុំក៏មិនគាំទ្រដែរចំពោះការផលិតព័ត៌មានដែលខុសពីការពិត ពេលខ្លះមានចេតនាមួលបង្កាច់ ដើម្បីផលប្រយោជន៍អ្វីមួយនោះ។ និយាយករណី វីអូឌី ខ្ញុំកត់សម្គាល់ឃើញថា សម្ដេចតេជោ លោកមិនមែនដាច់អហង្ការក្នុងការដកអាជ្ញាប័ណ្ណបិទដំណើរការភ្លាមៗនោះទេ ដោយលោកទុកឱសានវាទ ៧២ម៉ោង ដើម្បីឱ្យវីអូឌីសុំទោស។
ខ្ញុំមិនថា វីអូឌី មិនទទួលខុសត្រូវនោះទេ តែការឆ្លើយតបលើកទី១ មិនស្របតាមលក្ខខណ្ឌតម្រូវរបស់សម្ដេច ទើបតែលិខិតទី២ បានហ៊ានប្រើពាក្យសុំទោស តែហួសពេល។ អាចនិយាយបានថាជាការសម្រេចចិត្តយឺតមួយជំហានរបស់ថ្នាក់ដឹកនាំ វីអូឌី ដែលនាំទៅដល់ការអនុវត្តច្បាប់។ ជារួម ការសម្រេចរបស់រាជរដ្ឋាភិបាលនេះ មានមូលដ្ឋានខាងសង្គមធម៌ផង និងផ្លូវច្បាប់ផង។ ពោលគឺ ជាការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ពិសេសជាការតម្រង់ផ្លូវមួយក្នុងវិស័យសារព័ត៌មាន ទន្ទឹមនឹងរាជរដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ដូចគ្នា។ អ៊ីចឹង ត្រូវតែធ្វើព្រមគ្នាដែរដើម្បីសមភាព និងនាំឲ្យកម្ពុជាទាំងមូលរួមគ្នាលប់បំបាត់ចោលរាល់ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត និងបំពានលើសិទ្ធិអ្នកដទៃ ដែលបង្កឲ្យមានភាពច្របូកច្របល់ និងហានិភ័យដល់ស្ថិរភាពសង្គម និងសន្តិសុខជាតិ។
បើខ្ញុំចាំមិនខុសទេ កន្លងទៅសម្ដេចតេជោ ក៏ធ្លាប់បានផ្តល់ជាពាក្យស្លោកដល់បងប្អូនអ្នកសារព័ត៌មានកម្ពុជា ក្នុងស្មារតីពង្រឹងវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសំណាក់សាធារណជន អ្នកមើល អ្នកស្តាប់ ពោរពេញដោយអត្ថន័យថា “អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត និងផ្សាយតែព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ” ជាដើម។
ក្នុងនោះដែរ ខ្ញុំសូមសម្តែងនូវការគាំទ្រចំពោះសារព័ត៌មានភាគច្រើន ដែលបានអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ហើយខ្ញុំក៏មិនគាំទ្រដែរចំពោះសារព័ត៌មានមួយចំនួនតូច ដែលមិនគោរពច្បាប់ មិនគោរពវិជ្ជាជីវៈ និងពុំមានការទទួលខុសត្រូវនៅពេលដែលខ្លួនបានផ្សាយចេញខុសពីការពិត មិនហ៊ានប្រើត្រឹមសម្បត្តិពាក្យសុំទោស ដូចពាក្យចាស់ពោលថា ថោកអីនឹងដៃថ្លៃអីនឹងមាត់។ ដូចគ្នាដែរ ខ្ញុំក៏មិនគាំទ្រចំពោះអង្គភាពសារព័ត៌មាន ដែលបង្កើតឡើងជ្រកក្រោមស្លាកសារព័ត៌មាន តែក្នុងបំណងបង្កើតការញុះញង់ និងបង្កឲ្យមានការបែកបាក់ឯកភាពជាតិ។ ពោលគឺ បង្កើតធ្វើជាអាវុធនយោបាយនោះឡើយ។ សម្រាប់ខ្ញុំ ខ្ញុំតែជឿជាក់ថា បើយើងធ្វើត្រូវតាមវិជ្ជាជីវៈ ក្រមសីលធម៌ និងច្បាប់ជាធរមាន យើងនឹងចៀសផុតពីការប្រឈមផ្លូវច្បាប់ បើមិនអ៊ីចឹងទេ មិនមែនសម្ដេចតេជោឱ្យក្រសួងព័ត៌មានបង្កើតមេធាវីដើម្បីជួយការពារអ្នកសារព័ត៌មានដែលត្រឹមត្រូវនោះឡើយ]៕