រឿងរ៉ាវអ្នកស្រីជីប យុទ្ធារី ទិញគ្រឿងអលង្ការពីហាងពេជ្រ វីលីណា ជំពាក់លុយមិនព្រមសង ហើយបែរជាដើរចុះផ្សាយបរិហារម្ចាស់របស់ថែមទៀតនោះ បានធ្វើឲ្យលោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីសម្តេចតេជោ ចេញមុខប្រតិកម្ម ដោយលើកឡើងថា “យករបស់គេទៅលក់ហើយថាគេបោកទៀត ចេះផ្សាយទៅរួចដែរ អ្នកចេះរកស៊ីពិតគេមិននិយាយភាសាអញ្ចឹងទេរឿងនេះខ្ញុំដឹងទាំងអស់ពីព្រោះហាង មាស ពេជ្រវីលីណាខ្ញុំអ្នកទៅកាត់ខ្សែបូរក្នុងនោះខ្ញុំឃើញផ្ទាល់បានសួរទៅវីលីណាថាហេតុអីបានជាឲ្យគេជំពាក់ច្រើនម្លេះគាត់ថាមិនអីទេពេលនោះខ្ញុំថាប្រយ័ត្នមានរឿងឥលូវមែន”។
គួររំលឹកផងដែរថា អ្នកស្រី ជីប យុទ្ធារី ជាម្ចាស់ហាងពេជ្រ ឈ្មោះ SV និងជាម្ចាស់គេហទំព័រ CEN បានទិញមាស ពីអ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា ស្ថិតនៅក្រុងសៀមរាប កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដែលមានទឹកប្រាក់ប្រមាណ ១៨ម៉ឺនដុល្លា ។
ពាក់ព័ន្ធករណីនេះ អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានអះអាងថា ថៅកែហាងពេជ្រយីហោSV និងជាថៅកែសារព័ត៌មានCEN គឺអ្នកស្រី ជីប យុទ្ធារី បានទិញគ្រឿងអលង្ការពីហាងពេជ្រ វីលីណា អស់ប្រាក់ចំនួន១៨ម៉ឺនដុល្លារអាមេរិករយៈពេល១ឆ្នាំហើយ មិនព្រមសងលុយទេ តែបែរជាហ៊ានចេញមុខមកចោទប្រកាន់ទាំងបំពាន ការអះអាងរបស់អ្នកស្រី ធៀម លីណា យ៉ាងដូច្នេះ បានធ្វើឡើងបន្ទាប់ពីអ្នកស្រីជីប យុទ្ធារី បានធ្វើការចុះផ្សាយបរិហារតាមគេហទំព័រCEN ដោយចោទប្រកាន់ថា ហាងលក់គ្រឿងអលង្ការវីលីណា រកស៊ីរបៀបបោកប្រាស់ រកស៊ីរបៀបទុច្ចរិត អ្នកស្រី ធៀម លីណា បានចាត់ទុកថា ឈ្មោះ ជីប យុទ្ធរី ជាមនុស្សមានចរិតពិសពុល គ្មានការពិត និងមានបំណងទុច្ចរិកក្នុងការរកស៊ី ហើយបានប្រឌិតរឿងគ្រប់យ៉ាងចោទប្រកាន់មកលើអ្នកស្រី ទាំងអយុត្តិធម៌ដោយបានប្រឌិតរឿងខុសពីការពិតធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសហាងពេជ្ររបស់អ្នកស្រី។ អ្នកស្រីលីណា អះអាងថា “រឿងនេះនាងខ្ញុំមានភស្តុតាងគ្រប់គ្រាន់ដោយយកគ្រឿងពេជ្រនៅហាងខ្ញុំ និងខ្ចីលុយថែមទៀតកន្លងមក”។
អ្នកស្រីម្ចាស់ហាងពេជ្រវី លីណា បានបញ្ជាក់ថា ការបរិហាកេរ្តិ៍របស់ឈ្មោះជីប យុទ្ធរីនេះ អ្នកស្រីគឺមិនអាចទទួលយកបានទេ ហើយរឿងនេះអ្នកស្រី នឹងមានវិធានការទៅតាមផ្លូវច្បាប់ ព្រោះតាមកិច្ចព្រមព្រៀងរកស៊ីរវាងភាគីទាំង២ គឺមានកិច្ចសន្យាត្រឹមត្រូវ ហើយក៏គ្មានពលរដ្ឋណាមកប្ដឹងនោះទេ ។ មានតែភាគី ជីប យុទ្ធារី ឯណោះវិញទេដែលមិនបានបំពេញកាតព្វកិច្ចពោលគឺមិនបានសងលុយថ្លៃគ្រឿងអលង្ការ ហើយថែមទាំងបានចេញលិខិតបង្គាប់ឲ្យម្ចាស់ហាងមាសមកទូទាត់ឲ្យខ្លួនទៅវិញ ករណីនេះបានធ្វើឲ្យអ្នកស្រីដែលជាម្ចាស់បំណុលខឹងខ្លាំងរួចធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្អូនសម្ដេចតេជោ ចេញមុខប្រតិកម្ម និងព្រមានខ្លាំងៗថែមទៀតផង។
យោងតាមម្ចាស់ហាងមាសខាងលើបន្ថែមថា កន្លងមកគឺអ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានឲ្យឈ្មោះជីប យុទ្ធារី មកទូទាត់ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែបុគ្គលរូបនោះនៅតែបន្តរករឿង រួចបរិហាកេរ្តិ៍តាមប្រព័ន្ធអនឡាញ និងហ្វេសបុ៊ក ថែមទៀតផង៕