ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រព័ន្ធ Volleyball Information System និង E-Scoresheet Computer Program ដល់មន្ត្រីបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ប្រទេសទូទាំងពិភពលោក កំពុងប្រែខ្លួនទៅជាប្រទេសដែលហៅថា រដ្ឋាភិបាលអេឡិចត្រូនិក(E-Government) ។ ក្នុងនោះប្រទេសកម្ពុជាយើងផ្ទាល់ ក៏ត្រូវបានប្រកាសថាជាប្រទេស (E-Government) នេះដែរ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ទៀតថា គ្រប់វិស័យបានប្រែខ្លួនទៅជាការងារដែល នឹងពឹងផ្អែកភាគច្រើនក្នុងបច្ចេកវិទ្យា Digital នេះ។ រីឯនៅក្នុងវិស័យកីឡាកម្ពុជា ក៏មានតម្រូវការនេះដែរ ដើម្បីដើរឱ្យទាន់ និងឆ្លើយតមទៅនឹងតម្រូវការបច្ចេកទេសរបស់សហព័ន្ធអន្តរជាតិនីមួយៗ និងក៏ដូចជាត្រៀមខ្លួនជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នេះដែរ ក៏ដូចជាការប្រកួតអន្តរជាតិនានា។
ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តម នេត សាវឿត ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងបញ្ជាក់ដែរថា យើងទាំងអស់គ្នាជាកោសិកា នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានទទួលការបណ្តុះបណ្តាលនេះ នឹងទទួលបាននូវចំណេះដឹងថ្មី ពីលោកគ្រូឧទ្ទេសកម្រិតអន្តរជាតិ មកពីសហព័ន្ធកីឡាបាល់ទះអាស៊ី គឺលោក Pavarit Dairiram ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានផ្តាំផ្ញើដល់មន្ត្រីបច្ចេកទេសគ្រប់ផ្នែក អាជ្ញាកណ្តាល ចៅក្រម និងលេខាតុប្រកួត ត្រូវបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវរៀនសូត្របន្ថែមពីបទបញ្ជាថ្មីៗ ពិសេសបច្ចេកវិទ្យាថ្មីក្នុងវិស័យកីឡា ដើម្បីយកមកអនុវត្តក្នុងប្រទេសកម្ពុជា សម្រាប់ត្រៀមការប្រកួតកម្រិតជាតិ និងកម្រិតអន្តរជាតិនានា ដើម្បីជាទុនក្នុងការទទួលយកនូវភាពជាម្ចាស់នៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។
បើតាមរបាយការណ៍របស់លោកបណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា គឺសហព័ន្ធ បានដាក់ចេញនៅទស្សនវិស័យយ៉ាងច្បាស់លាស់ ព្រមទាំងបានរៀបចំនៅផែនការ ធ្វើកំណែទម្រង់ស៊ីជម្រៅ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកីឡា ក៏ដូចជាផ្នែកហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងផែនការអភិវឌ្ឍន៍ចំណេះជំនាញមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ធ្វើសកម្មភាពទំនាក់ទំនងអន្តរជាតិជាមួយបណ្ដាប្រទេសនានា ជាពិសេសសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាបាល់ទះអាស៊ី និងសហព័ន្ធកីឡាបាល់ទះពិភពលោក ក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ និងជាប្រតិបត្តិករដ៏សំខាន់ ដើម្បីបង្កើតឲ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតមិត្តភាពលក្ខណៈអន្តរជាតិ ក្នុងគោលបំណងផ្លាស់ប្ដូរបច្ចេកទេស និងទទួលបានបទពិសោធន៍ថ្មីៗសម្រាប់អភិវឌ្ឍន៍សហព័ន្ធកីឡាបាល់ទះកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត