កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបំបែកសំណុំរឿងក្មេងស្ទាវ១ក្រុម ដេញកាប់ និងគប់ទៅលើយុវជនម្នាក់ផ្អើលអស់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ !!!

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបំបែកសំណុំរឿងក្មេងស្ទាវ១ក្រុម ដេញកាប់ និងគប់ទៅលើយុវជនម្នាក់ផ្អើលអស់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ !!!

ចេញផ្សាយ:ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

បន្ទាយមានជ័យ៖ បើយោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានក្រុមក្មេងស្ទាវ១ក្រុមបានធ្វើសកម្មភាពជិះម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ខ្មៅ១គ្រឿង និងម៉ូតូម៉ាកហុងដាCD ពណ៌ខ្មៅ១គ្រឿង បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ និងដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសដៃខាងឆ្វេង០១កន្លែង និងបែកអាវម៉ូតូខាងស្ដាំ១កន្លែង បណ្ដាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងស្ទាវបានបើកម៉ូតូរត់គេចខ្លួនបាត់អស់ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ចាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា លោកបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ និងដោយទទួលបាននូវពាក្យបណ្ដឹងពីជនរងគ្រោះផង លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយសួរនាំអំពីដំណើររឿងដែលបានកើតឡើងព្រមទាំងប្រមូលរាល់ភស្ដុតាង ដោយសហការជាមួយប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុដើម្បីយករូបភាពតាមរយ:កាមេរ៉ាសុវត្ថិភាពទើបឈានដល់កំណត់មុខសញ្ញាបាន ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តទៀតថា ដោយផ្អែកលើរូបភាពកាមេរ៉ាសុវត្ថិភាព លោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២១ ថ្ងៃ ខែ ឆ្នាំ ដដែល បានរកឃើញក្រុមក្មេងស្ទាវនៅចំណុចតារាងបាល់តាកី ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពេលនោះកម្លាំងបានធ្វើប្រតិបត្តិការបង្ក្រាប តែក្រុមក្មេងស្ទាវដឹងខ្លួនទាន់ហើយរត់គេចខ្លួនអស់ បន្សល់ទុកនៅតែម៉ូតូ១គ្រឿងម៉ាកស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-6386 ។

ករណីខាងលើនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណនៅតែបន្តធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យូរ បញ្ញា ហៅខ្នារ ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចផ្លូវចុះរោងចក្រទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដាCD ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-4750 ដែលជាម៉ូតូជិះធ្វើសកម្មភាព ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។

 

ជនសង្ស័យរូបនេះ ក្រោយពីកម្លាំងជំនាញសាកសួររួចមក បានឆ្លើយសារភាពថា រូបគេមានគ្នាចំនួន០៤នាក់ ៖
១-គឺជារូបខ្លួន ឈ្មោះ យូរ បញ្ញា (ខ្នារ) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
២-ឈ្មោះ អាំង​ ពុយរាំង (បារាំង) ភេទប្រុស អាយុប្រហែល១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
៣-ឈ្មោះ រ័ត្ន អាយុប្រហែល១៦ឆ្នាំ មិនស្គាល់លំនៅដ្ឋាន
៤-មិនស្គាល់ឈ្មោះ ត្រូវជាមិត្តភ័ក្ររបស់ឈ្មោះ រ័ត្ន ពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងគប់ដុំថ្មទៅលើជនរងគ្រោះឈ្មោះ ផេម​ ទីណា ភេទប្រុស​ ពិតប្រាកដមែន ដោយឈ្មោះ រ័ត្ន យកកាំបិតប៉័ងតោគប់ និងឈ្មោះ បារាំង បានគប់ដុំថ្ម ទៅលើឈ្មោះ ផេម​ ទីណា ផងដែរ ចំណែករូបគេជាអ្នកឌុបឈ្មោះ រ័ត្ន តែប៉ុណោះ ។

សូមបញ្ជាក់ ៖ ដោយផ្អែកលើភស្ដុតាង និងចម្លើយសារភាព ព្រមទាំងផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងសាក្សី ដូច្នេះ ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកជនដៃដល់និងបក្សពួកនៅសេសសល់កម្លាំង​ អាវុធហត្ថកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ​និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ហើយនៅព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ៕ ដោយៈលោក លឿត ប៉ិប

You might like

Leave a Reply

Your email address will not be published. Required fields are marked *