បិទបញ្ចប់ប្រតិបត្តិការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ឆេះកាស៉ីណូហ្គេនដាយមិន ក្រុងប៉ោយប៉ែត,គ្មានពលរដ្ឋខ្មែរស្លាប់នោះទេ !!!

ខេត្តបន្ទាយមានជ័យ ៖ ដោយប្រើប្រាស់រយៈពេល ៣៩ម៉ោង គិតរហូតមកដល់ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ឆេះកាស៉ីណូហ្គេនដាយមិន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ទាំងស្រុងហើយ។

យោងតាមឯកឧត្តម អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យអោយដឹងជាផ្លូវការនៅព្រលប់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២នេះថា ការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិសភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១០០៩នាក់ និងខាងថៃចំនួន២២១នាក់សាកសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់ម្នាក់, ម៉ាឡេស៉ីម្នាក់, សង្ស័យចិនម្នាក់ និងមិនស្គាល់អត្តសញ្ញាណ៦នាក់ (មិនមែនជាតិខ្មែរ) សម្រាប់កងកម្លាំងប្រតិបត្តិការរុករកវិញ កម្លាំងកម្ពុជា ចំនួន១,០០៩នាក់ និងកម្លាំងថៃ២២១នាក់។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តទៀតថា ៖ ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនាប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។

យោងតាមប្រភព បានអោយដឹងថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ នៅខេត្តកំពតឯណោះវិញ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារចូលរួមមរណៈទុក្ខក្នុងឧបទ្ទវហេតុភ្លើងឆេះកាស៊ីណូនៅប៉ោយប៉ែតនេះផងដែរក្នុងពិធីបើកការដ្ឋានស្តារកំណាត់ផ្លូវលេខ៣១ និងលេខ៣៣ នៅខេត្តកំពតថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

 

សូមរំលឹកដែរថា ក្នុងប្រតិបត្តិការរុករក និងសង្គ្រោះនេះវត្តមានដ៍ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានចុះពិនិត្យចង្អុលបង្ហាញ ក្នុងការដោះស្រាយដើម្បីសង្គ្រោះជីវិតបងប្អូនជាប់គាំងក្នុងអគារនោះ។

 

សូមបញ្ជាក់ថា ៖ អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១ និង៣០នាទី នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មូលហេតុ ត្រូវបានគេរាយការណ៍ជំហានដំបូងថា ឆ្លងចរន្ដអគ្គិសនីហើយបានរីករាលដាលតែម្ដង ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន Grand Diamond City និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត Casino Poipet Resort

ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន កម្លាំងនគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចថៃផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *