ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៨ចំណុច ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារនៅសាលាបឋមសិក្សាក្បាលទន្សោង !!!

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង មាន ៦បន្ទប់ នៅក្នុងសាលាបឋមសិក្សា ក្បាលទន្សោង ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់។ ដោយហេតុថាវិស័យនេះ ជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍលើវិស័យផ្សេងៗទៀត ។

ឯកឧត្តម បានបន្តថា កន្លងមករាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើនដើម្បីពង្រាយសាលារៀនគ្រប់ទីកន្លែងទូទាំងប្រទេស រាប់ទាំងអតីតសមរភូមិប្រយុទ្ធផងដែរ ពោលគឺពីមនុស្សរត់រកសាលារៀន តែពេលនេះសាលារៀនរត់រកមនុស្សវិញ ។

ឯកឧត្តម ស សុខា បានបន្តទៀតថា ក្រោមម្លប់នៃសន្តិភាព កម្ពុជាយើងកាន់តែមានកិត្យានុភាព មានសិទ្ធិអំណាច មានភាពស្មើមុខមាត់នៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងក្នុងឆ្នាំ២០២២ នេះ កម្ពុជាបានធ្វើជាប្រធានអាស៊ាន និងបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ នៅរាជធានីភ្នំពេញ ដែលមានមេដឹកនាំកំពូលលើពិភពលោក អញ្ជើញចូលរួម ដូចជា ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ប្រធានាអធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ព្រមទាំងប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំប្រទេសជាច្រើនរូបទៀត។

ឯកឧត្តម ស សុខា ក៏បានរំលឹកអំពីព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតគឺ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ កម្ពុជាយើងទទួលបានជោគជ័យដ៏អស្ចារ្យ និងជាមោទកភាព ដែល គុនល្បុក្កតោកម្ពុជា ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានផ្ដាំផ្ញើដល់អង្គពិធីទាំងមូល ចំនួន ៨ចំណុច ដូចខាងក្រោម ៖

១. សូមគណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា បន្តយកចិត្តទុកដាក់ការពារ ថែរក្សាកុមារក្នុងថ្នាក់រៀន និងបរិវេណសាលារៀន ដោយបន្តនៅកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា កម្រិតបឋមសិក្សា ព្រមទាំងថែរក្សាបរិស្ថានសិក្សា ធ្វើយ៉ាងណាឱ្យសាលាក្លាយទៅជាសាលារៀនដែលមានបរិស្ថានល្អ កុមារទទួលបាននូវចំណេះដឹង មានសុខភាពល្អ ចេះក្បួនអនាម័យ និងមានសមត្ថភាពពេញលេញ ទាំងរាងកាយ ផ្លូវចិត្តស្មារតី និងសាមគ្គីភាពល្អ។

១. សូមពុកម៉ែបងប្អូនដែលជាអាណាព្យាបាល សិស្សទាំងអស់ ដែលមានកូនៗគ្រប់អាយុចូលរៀនថ្នាក់បឋមសិក្សា ត្រូវបញ្ជូនកូនឲ្យមករៀនបានគ្រប់ៗគ្នា នៅតាមសាលារៀនជិតផ្ទះស្រាប់ ព្រោះបវេសនកាលឆ្នាំសិក្សាថ្មី ក៏ជិតមកដល់ដែរគឺនៅដើមឆ្នាំ២០២៣ ខាងមុខនេះ។ ការបញ្ជូនកូនៗឲ្យមករៀនគឺដើម្បីឲ្យពួកគាត់អាចអភិវឌ្ឍន៍ខ្លួនឈានទៅសម្រេចបានសក្តានុពលគ្រប់ៗគ្នា។ កុមារគឺប្រៀបបានដូចជាក្រដាសសមួយសន្លឹក ដែលយើងអាចលាបពណ៌អ្វីមួយក៏បានតាមយើងចង់ ។ ដូច្នេះការបញ្ចូលអាកប្បកិរិយាត្រឹមត្រូវតាំងពីកុមារភាព គឺជាកត្តាចាំបាច់ដើម្បីធ្វើឲ្យកូនៗរបស់ពុកម៉ែបងប្អូនក្លាយទៅជាពលរដ្ឋល្អនាពេលអនាគត។

៣. សូមក្មួយៗសិស្សានុសិស្សដែលមានវត្តមាននៅទីនេះ ក៏ដូចជានៅបណ្ដាខេត្តផ្សេងៗ ទូទាំងប្រទេស ខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យសាលា គោរពច្បាប់ចរាចរណ៍ គោរពពុកម៉ែចាស់ទុំ ដើម្បីក្លាយទៅជាសិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ដែលជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារនិងប្រទេសជាតិ ទៅថ្ងៃអនាគត។

៤. សូមបងប្អូនម៉ៅការសំណង់ ចូលរួមសហការជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដើម្បីធ្វើឲ្យដំណើរការសាងសង់ ប្រព្រឹត្តទៅដោយរលូនកុំឲ្យមានផលប៉ះពាល់ ឬសំឡេងរំខានខ្លាំង ដល់ការបង្រៀន និងរៀនរបស់សិស្សានុសិស្សយើងនាពេលខាងមុខ ព្រោះយើងដឹងហើយថាឆ្នាំសិក្សាថ្មីនឹងចូលមកដល់។

៥. សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋទាំងអស់ និងវិស័យឯកជន អង្គការជាតិ អន្តរជាតិ បន្តចូលរួមឲ្យបានផុសផុលទាំងកម្លាំង និងធនធាន ក្នុងការចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សំដៅចូលរួមកសាងប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលយើង។

៦. សូមពុកម៉ែបងប្អូន ដែលមានទីលំនៅនៅទីនេះ ជាពិសេសអ្នកដែលមានទីលំនៅក្បែរសាលារៀនកំពុងដំណើរការសាងសង់ មានការយោគយល់ និងអធ្យាស្រ័យខ្ពស់ដូចជា ៖ ករណីឡានដឹកដី ដឹកសម្ភារផ្សេងៗសម្រាប់សាងសង់ ឬក៏សូរសំឡេងដោយប្រការណាមួយ និងចូលរួម ថែរក្សាការពារបរិស្ថាន និងទ្រព្យសម្បត្តិរបស់សាលារៀន ព្រោះជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។

៧. សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសកូនៗសិស្សានុសិស្ស ក្មេងតូចៗ ជីដូនជីតា ដែលមានវ័យចំណាស់ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន ក្នុងពេលដែលអាកាសធាតុចាប់ផ្ដើមចុះត្រជាក់នៅក្នុងរដូវរងា។ ដូច្នេះនេះគឺជាស្ថានភាពដែលតម្រូវឲ្យយកចិត្តទុកដាក់ចំពោះសុខភាព ទាក់ទងជាមួយនឹងជំងឺផ្ដាសាយ ព្រោះវាវិវត្តន៍ប្រែប្រួលលឿន ជាពិសេសមនុស្សចាស់ចាញ់រងាណាស់។

៨. សូមពុកម៉ែបងប្អូនបន្តជឿជាក់លើប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបទៀត ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត និងរក្សានូវសុខសន្តិភាពជាតិ ជានិរន្តរ៍តទៅ៕

អត្ថបទ ៖ សេង បូលីន

រូបភាព ៖ សាន់ ផានិត

You might like

Leave a Reply

Your email address will not be published. Required fields are marked *