ចេញផ្សាយ ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២ ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” សហការរៀបចំដោយស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន ត្រូវសម្ពោធបើកជាផ្លូវការ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នាសាលសន្និសីទចតុម្មុខរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ពិធីចាក់បញ្ចាំងខ្សែភាពយន្តចិននេះដែរ ក៏មានវត្តមាន អញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងស្ថាប័នពាក់ពន្ធ័នានាជាច្រើនផងដែរ ។
ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា Wang Wentian បានថ្លែងថា ចាប់តាំងពីឆ្នាំ២០១៦ មក ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម ត្រូវបានប្រារព្ធធ្វើឡើងដោយជោគជ័យជាច្រើនលើក ហើយទទួលបានការនិយមចូលចិត្តពីប្រជាជនកម្ពុជា និងបានក្លាយទៅជានិមិត្តសញ្ញាដ៏សំខាន់នៃការផ្សារភ្ជាប់បេះដូងរវាងប្រជាជននៃប្រទេសទាំងពីរ។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើក ទី២០ ក៏បានលើកឡើងពី“ការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរអរិយធម៌និងការរៀនពីគ្នាទៅវិញ ទៅមក ជំរុញឱ្យវប្បធម៌ចិនឆ្ពោះទៅកាន់ពិភពលោកកាន់តែប្រសើរឡើង”។ ពួកយើងស្ម័គ្រចិត្តសហការជាមួយភាគីកម្ពុជា លើកតម្កើងមិត្តភាពជាប្រពៃណី ធ្វើឱ្យទំនាក់ទំនងវប្បធម៌និងការប្រាស្រ័យទាក់ទងរវាងប្រជាជនមានភាពកាន់តែស្អិតរមួត ជំរុញឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិនបន្តទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។
ឯកឧត្ដម ឯក សំអុល បានមានប្រសាសន៍បញ្ជាក់ថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិនមានប្រវត្តិជាយូរលង់មកហើយ។ ប្រទេសចិនទើបបានបញ្ចប់សមាជលើកទី២០ នៃបក្សកុម្មុយនីស្តចិន ដោយជោគជ័យ ហើយបានចង្អុលបង្ហាញពីទិសដៅអភិវឌ្ឍទៅមុខនៅក្នុងដំណើរថ្មីដើម្បីសម្រេចបានគោលដៅតស៊ូ ១០០ឆ្នាំទី២។ ក្នុងដំណាក់កាលដ៏គន្លឹះនេះ ក្នុងនាមជាប្រទេសជិតខាងល្អ បងប្អូនល្អនិងជាដៃគូល្អ ប្រទេសកម្ពុជា រីករាយពួតដៃជាមួយប្រទេសចិនរីកចម្រើនទៅមុខជាមួយគ្នាក្នុងក្របខណ្ឌសហគមន៍ជោគវាសនារួម។ ប្រទេសកម្ពុជានឹងប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរគ្នាឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសចិនក្នុងវិស័យនានាក្នុងនោះរួមទាំង វិស័យវប្បធម៌និងសិល្បៈផងដែរ បន្តជំរុញការផ្លាស់ប្តូរវប្បធម៌និងព័ត៌មានរវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម” ដ៏មានគុណភាពខ្ពស់ជាដើម។
“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” នឹងចាប់ផ្តើមនៅចុងខែធ្នូ ហើយនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងក្នុងប្រទេសកម្ពុជា ដើម្បីចាក់បញ្ចាំងភាពយន្តដ៏ឆ្នើម ដែលបានថតផលិតនៅក្នុងប្រទេសកម្ពុជានិងចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ “ ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម លើកទី៦ ” រយៈពេល ៥ឆ្នាំ នាពេលកន្លងមក នៅតាមបណ្តា ២៥ខេត្ត ក្រុង ការបញ្ចាំង ភាពយន្ត ចិន-កម្ពុជាដ៏ឆ្នើម ជាង ១០០លើក ជូនទស្សនិកជន។ ចាប់ពី ខែធ្នូ ឆ្នាំ ២០២២ តទៅ ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម លើកទី៦ ”ឆ្នាំ២០២២ នឹងនាំមកនូវស្នាដៃភាពយន្តដ៏ឆ្នើម ចំនួនបី រឿង រួមមាន រឿង “ដំណើរនៃប្រាក់” រឿង”ឆ្លងកាត់ទន្លេយ៉ាលូ” និង រឿង ”មួយគីឡូម៉ែត្រចុងក្រោយ” ៕