ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ នេះបើយោងតាមញត្តិថ្កោលទោស របស់ឯកឧត្តម ស សុខា ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ និងបង្ហោះក្នុងផេកផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ។
មូលហេតុដែលឈានទៅដល់ការចេញញត្តិថ្កោលទោសលោក សម រង្ស៊ី នេះ គឺដោយសារតែថ្មីៗនេះ លោក សម រង្ស៊ី បាននិយាយថា “ស្តេចស្រុកខ្មែរ គ្មានមនសិការជាតិសូម្បីតែបន្តិច” ។ ក្នុងញត្តិថ្កោលទោស ឯកឧត្តម ស សុខា បានលើកឡើងថា សំដីដ៏អាក្រក់ជូជាតិ របស់លោក សម រង្ស៊ី គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះព្រះមហាក្សត្រ ដែលព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ និងជាការរំលោភទៅនឹងមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណា រំលោភបំពានបានឡើយ” ។
ក្នុងញត្តិថ្កោលទោសដដែល ឯកឧត្តម ស សុខា បានលើកឡើងដែរថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងទាំងអស់គ្នា ពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថរបស់លោក សម រង្ស៊ី មកលើអង្គព្រះមហាក្សត្ររបស់យើង ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានឡើយ ។ ការប្រមាថដោយចោទប្រកាន់ទៅលើអង្គព្រះមហាក្សត្រ ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាជាតិខ្មែរថា “ជនក្បត់ជាតិ” គឺជាការប្រមាថដ៏ធ្ងន់ធ្ងរជាទីបំផុត ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត ។
ឯកឧត្តម ស សុខា ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានប្រកាសគោលជំហរប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគំនិតអសីលធម៌របស់លោក សម រង្ស៊ី និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើលោក សម រង្ស៊ី ជាជនក្បត់ជាតិ ៣ជំនាន់រូបនេះ ព្រមទាំងបក្សពួកដែលបានចូលរួមគាំទ្រចំពោះទង្វើក្បត់ជាតិនេះ ។
ជាមួយគ្នានោះក្នុងញត្តិថ្កោលទោសដដែល ឯកឧត្តម ស សុខា និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់នយោបាយជ្រុលនិយមរបស់លោក សម រង្ស៊ី ឲ្យអស់ពីកម្ពុជា ដើម្បីបន្តរក្សានូវសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជារាស្ត្រខ្មែរ៕