ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំង លោក វរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង ដឹកនាំកម្លាំងអន្តរាគម៍ សហការជាមួយ គណៈបញ្ជាការឯកភាពក្រុង កងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំចង្អុលបង្ហាញផ្ទាល់ដោយ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តចុះជួយច្រកដីដេីម្បីទប់ទឹកដែលកំពុងកេីនឡេីងកុំឲ្យហូរកាត់ផ្លូវ នៅខ្នងទំនប់អាងស្តុបទឹកអូរខៃដន ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ផងដែរថាកម្លាំងអន្តរាគមន៍ ផ្នែកសឹករងសិរីសោភ័ណ ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ុក ស៊ីវន មេបញ្ជាការ សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កម្លាំងអធិការនគរបាលក្រុងសិរីសោភ័ណ និងអាជ្ញាធរមូលដ្ឋាន ចុះជួយសាងសង់រោងស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង មកទីទួលសុវត្ថិភាព ចំនួន ៤០គ្រួសារ ស្ថិតនៅភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។
ឆ្លៀតក្នុងឱកាសនោះដែរ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ៕