ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយទៅចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់១៧១គ្រួសារ !!!

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលាឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងប្រតិភូអមដំណើរ អាជ្ញាធរស្រុក ខេត្តជាច្រើនរូប ចុះសួសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់ពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់ និងឡើងមកទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរី ។

អំណោយទាំងនោះត្រូវបាននាំយកទៅចែកផ្ទាល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមកទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរី ចំនួន១៧១គ្រួសារ ពលរដ្ឋទាំងនេះ ជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ចាស់ជរា និងស្រ្តីមានផ្ទះ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ខ្លាំង ក្នុងមួយគ្រួសារទទួលបាន ឃីត១ មានសម្ភារៈ ៖

១-ត្រីខ៥កំប៉ុង

២-មី១កេះ

៣-ទឹកត្រី ៣ដប

៤-ទឹកស៉ីអ៉ីវ៣ដប

៥-អង្ករ១០Kg

៦-ទឹកសុទ្ធ៣ដប

៧-ថ្នាំពេទ្យ១កញ្ចប់

៨-សារុង០១

៩-ថវិកា២ម៉ឺនរៀល។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធា និងអាជ្ញាធរពាក់ពន្ធ័ ទូទាំងខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់ បំពេញ តួរនាទី ភារកិច្ចការងារស្នូល ការងារសង្គម និងការជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ប្រកបដោយស្មារតីទទួលខុសត្រូវ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត ហើយត្រូវហាមប្រាម ណែនាំកុមារតូចៗកុំឲ្យលេងទឹកជៀសវាង មានការធ្វេសប្រហែសអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន ក្នុងករណីចាំបាច់ត្រូវរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតដើម្បីជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *