សម្តេចតេជោ ហ៊ុន សែន អញ្ញើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ !!!
ចេញផ្សាយ:នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រាជដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ និងចាំបាច់ចំនួន០៦ ដែលរំពឹងអាចឈានទៅដល់ការវិលត្រឡប់ឱ្យបានឆាប់រហ័ស ទៅរក «ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ និងកិច្ចដំណើរការនៃវិស័យសង្គម-សេដ្ឋកិច្ច។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យុទ្ធសាស្ត្រចំនួន០៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់រាជដ្ឋាភិបាលកម្ពុជា បានដាក់ចេញរួមមាន៖
១/ បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី
២/ កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប
៣/ បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់
៤/ រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
៥/ ការរៀបចំបូជាសព និងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ
៦/ ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ ដ៏មានប្រសិទ្ធភាពមួយ ដែលត្រូវអនុវត្តគួបផ្សំជាមួយនឹងវិធានការ «៣-កុំ និង ៣-ការពារ» ក្នុងការរួមចំណែកគ្រប់គ្រងមិនឱ្យមានការឆ្លងរីករាលដាល, ធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័ស ទៅរក «ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ និង កិច្ចដំណើរការនៃវិស័យសង្គម-សេដ្ឋកិច្ច ។
សម្តេចតេជោបន្តថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំង ជូនប្រជាជនគ្រប់រូប ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ បានចំនួន៦៤.៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ ៕