ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃពុធ ៤ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥ បានអញ្ជើញអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ និងអន្តរជាតិ នាពេលបច្ចុប្បន្ន និងឯកសារជំនួយស្មារតីឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសរនីយ៍ត្រី ក៏បានបញ្ជាក់បន្ថែមទៀតថាមក កងកម្លាំងទាំងអស់ត្រូវគោរពអនុវត្តបទបញ្ជាតាមឋានានុក្រម ធានាបាន ភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ប្រកបដោយ មនសិការស្នេហាជាតិ មានឆន្ទៈមុះមុតស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ។
លោកនាយសេនាធិការរង យោធភូមិភាគទី៥ បានក្រើនរំលឹកដល់នាយ-ពលទាហានទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនឱ្យបានដាច់ខាត និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍លើកឡើងថា ការអប់រំ ផ្សព្វផ្សាយនាឱកាសនេះ គឺដើម្បីឱ្យនាយ-ពលទាហាន យល់ជ្រាបនូវតួនាទីភារកិច្ច របស់ កងយោធពលខេមរភូមិន្ទ ក៏ដូចជាការពង្រឹងនូវស្មារតី សតិអារម្មណ៍ និងការវិវត្តន៍សភាពការណ៍ថ្មីៗ ជាតិ និងអន្តរជាតិ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី តាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ ឲ្យបានជាប្រចាំ ៕