ខេត្តសៀមរាប ៖ ក្នុងដើម ខែកញ្ញា ឆ្នាំ២០២២ មហាជន នៅសង្កេតឃើញថា៖ ម្ចាស់ហាង កាហ្វេ មួយចំនួន កំពុងលួចបង្កប់បើកល្បែងស៊ីសង ជល់មាន់ តាមប្រព័ន្ធ ទូរទស្សន៍អនឡាញ ជាច្រើនកន្លែង ឡើងវិញហើយ ខណៈដែលច្បាប់ហាមឃាត់ ហើយម្ចាស់ទីតាំងទាំងនោះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចក្រុងសៀមរាប ចុះ ទៅបិទ និង អប់រំ ណែនាំ អោយធ្វើកិច្ចសន្យា បញ្ឈប់ការលួចបើកលេងបន្តទៀត មួយដង ជាពីរដង រួចមកហើយដែរ។
ជាក់ស្តែងនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមសារព័ត៌មានជាច្រើនស្ថាប័ន នៅតែឃើញ តាម ហាង កាហ្វេ ជាច្រើនកន្លែង កំពុងបើកដំណើរការឡើងវិញបានយ៉ាងគគ្លើន ដូចដែលប្រជាពលរដ្ឋរាយការណ៍មែន ម្ចាស់ទីតាំងទាំងនោះហាក់មិនខ្លាច អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បង្ក្រាបបន្តិចសោះ.! ទើបហ៊ានផ្គើន បើកស្វាគមន៍ អោយភ្ញៀវដែលញៀនលេងល្បែងស៊ីសង ចូលទៅ ចាក់ភ្នាល់ ដាក់ប្រាក់ ចាញ់ឈ្នះ រាប់លានរៀល ក្នុងមួយគូៗ ពពាក់ពពូនលេង ស្រែកហ៊ោរទ្រហឹងអឺងកង យ៉ាងរំភើយនៅតាមទីតាំងនិមួយៗ មានចំនួន៩កន្លែង៖
ទីតាំងទី១/នៅចំនុចក្បាលស្ពាន អាងក្រពើ ក្នុងហាង ហេង ហេង កាហ្វេ ស្ថិតភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ទី២/នៅផ្សារក្រោម ទល់មុខបេនឡាន កាពីតូល ស្ថិតក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប។
ទី៣/ក្នុងហាង កាហ្វេ មួយកន្លែង ខាងជើងផ្សារដើមក្រឡាញ់ ក្បែរផ្លូវ សាមសិប ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប។
ទី៤/នៅចំណុចហាង កាហ្វេ ផ្លូវជន្លង់ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ទី៥/នៅចំណុចហាង កាហ្វេ ខាងក្រោយផ្សារលើ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ទី៦/ចំណុចហាង កាហ្វេ ផ្លូវរាជនី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ទី៧/ចំណុចតារាងបាល់ទះ ខាងជើង”វត្តគោកប៉ាទ្រី ប្រហែល១៥០ម៉ែត្រ ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
ទី៨/ចំណុចហាង កាហ្វេ កែងកេះសគោល ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ទី៩/ចំណុចតារាងបាល់ទះ ស្តិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
យោងតាមសម្តីលោកមេប៉ុស្តិ៍សង្កាត់សាលាកំរើក បានអោយក្រុមសារព័ត៌មានយើងខ្ញុំដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ថា ទីតាំងខាងលើនោះ ត្រូវបានធ្វើកិច្ចសន្យាបញ្ឈប់ការបើកលេង មួយដង ជាពីរដង រួចមកហើយ បើកំពុងលេងមែននោះ អញ្ចឹងចាំបន្តិចខ្ញុំនឹងដាក់កម្លាំងចុះទៅបង្ក្រាបទីតាំងទាំងនោះ អរគុណដែលបានរាយការណ៍ជូន។
បើយោងប្រភព មតិ រិះគន់ ពីមហាជនគ្រប់មជ្ឈដ្ឋាន និង ប្រជាពលរដ្ឋ ដែលរស់នៅក្រុងសៀមរាប ខេត្តសៀមរាប បាននាំគ្នារិះគន់នៅតាមរានកាហ្វេ គុយទាវ យ៉ាងចាស់ដៃថា បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនបើកដៃ ធ្វើម្តេចម្ចាស់ទីតាំងទាំងនោះ អាចបើកដំណើរការលេងឡើងវិញបានទៅ កុំទៅឆ្ងល់អី.?។
ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប មេត្តាដាក់កម្លាំងក្រោមឱវាទ សហការ ចុះបង្ក្រាបទីតាំងជាច្រើនកន្លែងខាងលើផងទាន! ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់ចែង គ្មានទេ ការបើកបនល្បែងស៊ីសងខុសច្បាប់ ជៀសវាង កើតមាន អំពើ ចោរកម្ម លួច ឆក់ ប្លន់ ជួញដូរនិងជក់គ្រឿងញៀន នឹងកើត អំពើប្រើប្រាស់ ហិង្សា ក្នុងគ្រួសារ ។ល៕