ខេត្តសៀមរាប៖ ប្រភពបែកធ្លាយបានបង្ហើបអោយដឹងថា៖ ម្ចាស់សំណង់ (យានដ្ឋាន កក្កដា សីហា) ពិតជាមានខ្សែបង្អែកមិនធម្មតាមែន គ្រាន់តែសុំ និងសូកប៉ាន់ លោក យា ផល្លា ដែលជាមន្ត្រីសូរិយោដីផ្នែកត្រួតពិនិត្យសំណង់ មានច្បាប់ អត់ច្បាប់ ប្រចាំខេត្តសៀមរាប ចំនួន ៥៥០ ដុល្លារ តាមរយៈផ្ទាល់មាត់សោះ.! ដែលមិនទាន់មានចេញច្បាប់អនុញ្ញាតផង បែរជាម្ចាស់អាចសាងសង់សំណង់បើកអាជីវកម្ម យានដ្ឋាន ដ៏ធំនេះបាន ស្ថិតនៅជាប់កែងរង្វង់មូល ផ្លូវ ៦០ ម៉ែត្រ ទល់មុខ (ភោជនីយដ្ឋាន ហៃ វិន) ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមប្រភពពីមន្ត្រីសាលាខេត្តសៀមរាបម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា៖ ដីដែល ម្ចាស់ សំណង់កំពុងសាងសង់យានដ្ឋាន អត់ច្បាប់ខាងលើ គឺដីនោះ កំពុងមានរឿងក្តីក្តាំ ជំលោះដីធ្លីគ្នាយូឆ្នាំមកហើយ រវាង ទាហាន និង ទាហាន។
ដោយយោងតាមប្រភពពីអង្គភាព {គេហទំព័រ ស្ម័គ្រជាតិ} បានអោយដឹងថា៖ នៅពេលលោកធ្វើការទំនាក់ទំនងទៅ ម្ចាស់សំណង់ (យានដ្ឋាន កក្កដា សីហា) ម្ចាស់ បានឆ្លើយថា ខាងគាត់បានសុំផ្ទាល់មាត់ជាមួយលោក យា ផល្លា អោយជួយរត់ច្បាប់ដែរ និងអោយ ៥៥០ ដុល្លារ ក្នុងការរត់ច្បាប់សាងសង់ទៀតផង តែមកទល់ពេលនេះ ខាងលោកមិនទាន់បានទទួលច្បាប់អនុញ្ញាតសាងសង់ ពីប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តសៀមរាប នៅឡើយទេ ហើយបើសារព័ត៌មាន ចង់ផ្សាយ ផ្សាយទៅ ព្រោះលោក យា ផល្លា យកលុយខ្ញុំហើយ។
ពាក់ព័ន្ធករណីខាងលើ តើលោកប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តសៀមរាប បានជ្រាបព័ត៌មានមួយនេះដែរឬទេ? រឺក៏លោកបានដឹងហើយធ្វើជាមិនដឹងមិនឮ?។
ជុំវិញសំណង់ (យានដ្ឋាន កក្កដា សីហា) សាងសង់អត់ច្បាប់ខាងលើ សារព័ត៌មានយើងខ្ញុំ មិនទាន់សុំការបំភ្លឺពីលោក យា ផល្លា មន្ត្រីសូរិយោដីផ្នែកត្រួតពិនិត្យ សំណង់ មានច្បាប់ អត់ច្បាប់ ខេត្តសៀមរាប បាននៅឡើយទេ ដោយពុំស្គាល់លេខទូរស័ព្ទលោក។ ហើយសារព័ត៌មានយើងខ្ញុំរង់ចាំ ស្រាយបំភ្លឺ ពីសាម៉ីខ្លួន ដែលជាប់ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការនៅពេលក្រោយ ៕