ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃអង្គារ ៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២លោក គាត ហ៊ុល អភិបាល នៃគណៈក្រុងប៉ោយប៉ែត និងលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានដាក់ផែនការ ដល់កងកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ដោះស្រាយដោយយថាហេតុផ្សេងៗ ដល់គ្រប់បណ្តាកងឯកភាពកងកម្លាំងផ្នែកសឹករងក្រុងប៉ោយប៉ែតចំណុះអោយតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ វរៈសេនាតូចការពារព្រំដែនគោក៨៩១ និងសហការណ៍កងកម្លាំងចម្រុះ។
លោក គាត ហ៊ុល អភិបាលក្រុង បានបញ្ជាក់ថា ក្នុងតួនាទីភារកិច្ច របស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ ដោះស្រាយដោយយថាហេតុ ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារ សន្តិសុខសណ្តាប់ធ្នាប់សង្គម ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ តាមសំណូមពរអាជ្ញាធរមូលដ្ឋាន ជាពិសេសប្រមូលផ្តុំ ត្រួតពិនិត្យ ឧបករណ៍ សម្ភារៈ មធ្យោបាយ សម្រាប់ជួយសង្គ្រោះជាបន្ទាន់ ។
សូមបញ្ជាក់ថា ដោយសារភ្លៀងបន្តធ្លាក់ ធ្វើឲ្យស្ថានភាពទឹកនៅតាមអូរព្រំដែនកម្ពុជា-ថៃ បានហក់ឡើងជាបន្តបន្ទាប់ រួមជាមួយនឹងទឹកហូរធ្លាក់ពីប្រទេសថៃ អាចបណ្តាលឲ្យមានទឹកជំនន់ នៅតាមតំបន់ព្រំដែនមួចំនួនផងដែរ។
ក្នុងឱកាសនោះដែរលោក គាត ហ៊ុល បានកោតសរសើរដល់នាយ-ពលទាហានទាំងអស់ ដែលបានខិតខំបំពេញនូវតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
ឆ្លៀតឱកាសនោះដែរលោក ក៏បានផ្ដាំផ្ញេីរដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់ ការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ (៣ការពារ និង ៣កុំ) ៕