ខេត្តកំពង់ធំ ៖ រថយន្ត (ធន់ត្រា) ដឹកឈើខុសច្បាប់ ១គ្រឿងត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្រ្កាបបាន ដែលប្រតិបត្តិការសហការណ៍បង្រ្កាបនេះ ដោយមន្ត្រីរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប នគរបាល សហការជាមួយកងអាវុធហត្ថខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចតាមដងផ្លូវជាតិលេខ ៦A ក្នុង ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនសង្ស័យមានឈ្មោះ អេប ផល ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះឃាត់ខ្លួន ខណៈពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់តាមរយៈរថយន្តម៉ាក Tundra ពាក់ស្លាកលេខភ្នំពេញ 2S-7946 មកពីខេត្តព្រះវិហារ ដើម្បីយកទៅលក់បន្តនៅរាជធានីភ្នំពេញ ។
បន្ទាប់ពីធ្វើការបង្រ្កាប ជំនាញពិនិត្យវាស់វែង វត្ថុតាងរួមមាន ឈើប្រភេទលេខ១ ឈើត្រសេកចំនួន១គូប ៨ ផ្លាន ។
បច្ចុប្បន្ន: ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕