ភ្នំពេញ ៖ យុវតី លឹម ឈីងអ៊ីដែលទទួលបានមេដាយចំនួន៦ផ្នែកគណិតវិទ្យា បានចែករំលែកបទពិសោធន៍នៃការសិក្សាផ្នែក «គណិតវិទ្យា» ដើម្បីរៀនឱ្យពូកែ បង្កើតអ្វីៗថ្មី ចូលរួមអភិឌ្ឍន៍សង្គម។
យុវតី លឹម ឈីងអ៊ី អាយុ ១៧ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី១២ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានឱ្យដឹងថា ការ ដែលខ្លួនចូលចិត្តផ្នែកវិទ្យា សាស្រ្តដោយសារតែនៅក្នុងសង្គមជាក់ស្ដែងផ្ទាល់គឺការអភិវឌ្ឍអ្វីមួយគឺត្រូវការវិទ្យា សាស្រ្ត ដូចការសាងសង់ផ្លូវ ផ្ទះ អគារធំៗ ឧបករណ៍អេឡិចត្រូនិកដូចជាម៉ាស៊ីនត្រជាក់ យានយន្ត ជាដើម គឺសុទ្ធតែត្រូវការវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍប្រទេសសម្រាប់ទៅថ្ងៃអនាគត។ យុវតីរូបនេះ បានបន្ដថា នាងមានអារម្មណ៍រំភើបនិងមានមោទនភាព ដោយមិនដែលគិតថា ខ្លួនឯងអាចធ្វើបានទទួលបានមេដាយចំនួន៦ ព្រោះកាលពីចូលរួមប្រកួតដំបូងមានអារម្មណ៍ភ័យ ពីព្រោះវាជាលើកដំបូង ដោយមានបញ្ហាពាក្យបច្ចេកទេស ព្រោះលំហាត់បែបអន្តរជាតិជាភាសាអង់គ្លេសដែលធ្វើឱ្យយើងពិបាកក្នុងការយល់ និងបញ្ហាមួយទៀត គឺលំហាត់ពិបាកៗមិនដូចលំហាត់រៀននៅក្នុងសាលា ដូចនេះត្រូវបន្ថែមការស្រាវជ្រាវតាមអ៊ីនធឺណិតតាម google youtube ជាដើម។
«តាមបទពិសោធន៍របស់ខ្ញុំ បើសិនជាចង់រៀនគណិតវិទ្យាល្អ ដំបូងយើងត្រូវរៀនមេរៀនឱ្យច្បាស់សិន រៀនឱ្យដឹងថា មេរៀនហ្នឹងគេចង់រៀនពីអ្វី ហើយនៅពេលដែលគេរៀននៅហ្នឹងហើយតើគេមានគោលបំណងអ្វី គេយកមេរៀនហ្នឹងទៅអនុវត្តន៍ម៉េចខ្លះនៅក្នុងជីវភាពរស់នៅ ហើយចាប់ផ្ដើមយើងចូលរៀនទៅលើមេរៀននោះឱ្យបានល្អិតល្អន់១០០ភាគរយតែម្ដង ។ យើងត្រូវការការស្រាវជ្រាវបន្ថែមនៅផ្ទះខ្លួនឯងមិនថារៀនតែជាមួយគ្រូទេ យើងត្រូវ ការស្រាវជ្រាវខ្លួនឯង ហើយក៏យើងយកលំហាត់ថ្មីៗមកអនុវត្តហើយមួយទៀតគឺអនុវត្តលំហាត់ជាប្រចាំមិនឱ្យបាត់មួយថ្ងៃណាទេ គឺអង្គុយអនុវត្តរហូត លំហាត់ស្រាវជ្រាវគ្រប់មានតាំងពី youtube google មិត្តភក្កិ គ្រូបង្រៀន ផ្សេងៗទៀត»។
យុវតី លឹម ឈីងអ៊ី បានឱ្យដឹងទៀតថា មកដល់បច្ចុប្បន្ននាងបានទទួលមេដាយចំនួន ៦ ពីការប្រកួតប្រជែងផ្នែកគណិតវិទ្យា ក្នុងនោះមេដាយ មាសចំនួន៤ និងមេដាយប្រាក់២ ហើយទៅថ្ងៃអនាគតនាងនឹងយកមុខវិជ្ជាគណិត វិទ្យានេះ ដើម្បីទៅបង្កើតជារបស់ថ្មី សាងស្នាដៃថ្មីៗ បង្កើតទ្រឹស្ដីថ្មីៗ រករបបគំហើញ ដើម្បីអាចផលិតបាននូវឧបករណ៍បច្ចេកវិទ្យាសម្រាប់ជួយដល់សង្គមជាតិទាំងមូល៕ប្រភពៈក្រសួងព័ត៌មាន