ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីលួចកាច់កម៉ូតូសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួន !!!

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត .លោកវរសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍ដ្ឋបាលផ្សារកណ្តាលបានដឹកនាំបញ្ជាផ្ទាល់ ចុះស្រាវជ្រាវ បង្រ្កាបបានមុខសញ្ញាកាច់កម៉ូតូបានចំនួន ០៤នាក់ វេលាម៉ោង០៦និង៤០នាទី មានប្រជាពលរដ្ឋឈ្មោះ ប៊ឺ ណៃស្រីម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកប្ដឹងរាយការណ៍ថាមានចោរកាច់កម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅ មានលេខតួ MLHJF6230 J5034082 និងមានផ្លាកលេខ បាត់ដំបង 1AF-8726 របស់គាត់ដែលជួលឲ្យឈ្មោះ ប៊ុន ចាន់ឌឿន ភេទស្រី អាយុ២០ឆ្នាំ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពេលគាត់ឆែកGPS ឃើញថាស្ថិតនៅចំណុចក្រោយសាលាសង្កាត់ផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីបានទទួលពត៌មានតាមទូរស័ព្ទរួច លោកវរសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍ដ្ឋបាលផ្សារកណ្តាលសហការណ៍និងកម្លាំងជំនាញព្រហ្មទណ្ឌ ចុះទៅតាមGPS នៅពេលទៅដល់ចំណុចនោះក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់រួមមាន ៖

១.ឈ្មោះ បូលី ពៅ ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្មាំ

២.ឈ្មោះ សុវណ្ណ បូលី ភេទប្រុស អាយុ៣០ឆ្នាំ

៣.ឈ្មោះ កៅ ដុល្លា ភេទប្រុស អាយុ១៧ឆ្នាំ

៤.ឈ្មោះ ជឿន ជាង ហៅទក់ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាល ទាំងអស់គ្នា។

វត្តតាងរួមមាន ៖

១. ម៉ូតូម៉ាកយ៉ាម៉ាហា អ៊ែរ៉ក (YAMAHA AEROX) ពណ៌ប្រផេះ លាយទឹកប៊ិកគ្មានផ្លាកលេខ មានលេខម៉ាស៊ីន G3M1E-022071 លេខតួ MLE3G582111022081

២.ម៉ូតូម៉ាកហ្សូមមឺអិច (ZOOMER -X) ពណ៌ខ្មៅ ដែលបាត់នោះ

៣.ម៉ូតូម៉ាកស៊ីប៊ីអរ ១៥០ (CBR 150) គ្មានផ្លាកលេខ និងឧបករណ៍ ដូចជាសោរ ដែកកាប់ ស្នាប់ដៃ និងដែកកេះកែច្នៃមួយចំនួន ។យកមកអធិការដ្ឋានដើម្បីសួរនាំ កសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។

លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់អ្នកសារព័ត៌មានយើងឱ្យបានដឹងថា ចំពោះម៉ូតូម៉ាកយ៉ាម៉ាហា អ៊ែរ៉ក (YAMAHA AEROX) ពណ៌ប្រផេះ លាយទឹកប៊ិកគ្មានផ្លាកលេខ មានលេខម៉ាស៊ីន G3M1E-022071 លេខតួ MLE3G582111022081 ជនរងគ្រោះឈ្មោះជា សាវីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បានដាក់ពាក្យបណ្ដឹង នៅផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែតផងដែរ ដោយចោរបានលួចកាច់កម៉ូតូ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ បូលី ពៅ ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្មាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកន្ដាល ក្រុងប៉ោយប៉ែត បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធ ជួញដូរគ្រឿងញៀនទៀតផង។

លោកវរសេនីយ៍ឯកបានបន្តទៀតថាចំពោះជនសង្ស័យឈ្មោះ កៅ ដុល្លា ហៅ ឡា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ស្នាក់នៅក្នុងបន្ទប់ជាមួយជនសង្ស័យឈ្មោះបូលី ពៅ ហៅង៉ោល ជាបក្សពួក កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីបន្ត។

ចំណែកឈ្មោះសុវណ្ណ បូលី ភេទប្រុស អាយុ៣០ឆ្នាំ និង ជឿន ជាង ហៅទក់ ភេទប្រុស អាយុ២៨ឆ្នាំ ពុំមានការពាក់ព័ន្ធអំពើលួចឡើយ កម្លាំងជំនាញស្នើសុំធ្វើការអប់រំ កិច្ចសន្យា អោយត្រឡប់ទៅផ្ទះវិញ។

ចំណែកម៉ូតូរបស់ជនរងគ្រោះទាំងពីរនាក់ខាងលើ កម្លាំងជំនាញស្នើសុំ ធ្វើការប្រគល់ទទួលអោយទោម្ចាស់ម៉ូតូវិញហើយ៕ដោយៈលោក ណៃ ថាន និពន្ធនាយករង គេហទំព័រ ខេមបូឌា ស្តាដេលីញូយ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *