ភ្នំពេញ ៖ ដោយយោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានមកថា ទីតាំងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)កំពុងប្រមូលផ្ដុំគ្នាលេង ភ្នាល់ដាក់លុយយ៉ាងគគ្រឹកគគ្រេងនៅចំណុចការ៉ាស់លាងឡាន ថ្មីជានិច្ច ស្ថិតផ្លូវលេខ ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែលួចលាក់ប្រមូលផ្តុំមនុស្សមកលេងយ៉ាងគគ្រឹកគគ្រេង ចាប់ផ្ដើមពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៥ល្ងាចដែលមិនទាន់ឃើញសមត្ថកិច្ចចុះមកបង្ក្រាបនៅឡើយទេសង្ស័យជាឆ្នាំងបាយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានអស់ហើយមើលទៅ ។
ប្រភពដដែលបានបញ្ជាក់ថា ទីតាំងលេង ល្បែងអាប៉ោងស៊ីសងខុសច្បាប់ក្នុងការ៉ាស់(លាងឡានថ្មីជានិច្ច) មហាជនធ្លាប់ឃើញសមត្ថកិច្ចខណ្ឌដឹកនាំកម្លាំងចុះមកបង្ក្រាបនិងឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាម្ដងរួចមកហើយកាលពីថ្ងៃទី ០៩ ខែកុម្ភៈឆ្នាំ ២០២២។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះបើកដំណើរការវិញ ក្រោយពីសមត្ថកិច្ចក្នុងមូលដ្ឋានចុះធ្វើកិច្ចសន្យាកាលពីពេលកន្លងទៅ។
ប្រជាពលរដ្ឋស្នើសុំឲ្យសារព័ត៌មានយើងខ្ញុំធ្វើការចុះផ្សាយរិះគន់ក្នុងន័យស្ថាបនាដើម្បីឲ្យព័ត៌មានមួយនេះបានដល់ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចន្ទសា អធិការនគរបាលខណ្ឌ បានដឹងបានជ្រាបនិងធ្វើការទប់ស្កាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះឲ្យខានតែបានដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់ក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្ដម ឃួង ស្រេង និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិសូមឯកឧត្តមទាំងពីរមេត្តាចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពចុះស្រាវជ្រាវធ្វើការបង្ក្រាបទាន់ពេលវេលាផងទាន ៕