ខេត្តព្រះវិហារ ៖ នៅប៉ុន្មានថ្ងៃនេះ មានសេចក្តីរាយការណ៍ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនៅក្នុងខេត្តព្រះវិហារ បានអោយដឹងថា៖ (ក្រុមហ៊ុន ដោន) កំពុងប្រមូលទិញឈើ នៅក្នុងតំបន់ព្រៃព្រះរកា និង តំបន់គូលែនព្រហ្មទេព យ៉ាងពេញបន្ទុក រួចដឹកជញ្ជូនចូលទីតាំងក្រុមហ៊ុនរបស់ខ្លួនយ៉ាងរលូន គឺដើម្បីអោយក្លាយជាឈើស្របច្បាប់។ ដោយហេតុថា មន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ នៅតែបណ្ដោយអោយ(ក្រុមហ៊ុនដោន) ធ្វើអ្វីៗតាមតែអំពើចិត្តក្នុងខណៈដែលព្រៃឈើក្នុងតំបន់ព្រៃព្រះរកា និងតំបន់គូលែនព្រហ្មទេព រងការបំផ្លាញយយ៉ាងមហន្តរាយ។កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានរថយន្តធុនធំ ប្រភេទវ៉េអង ចំនួន៣គ្រឿងដឹកជញ្ជូនឈើចេញពី(ក្រុមហ៊ុនដោន) ដែល មានទីតាំងស្ថិតនៅភូមិព្រីងធំ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ពេលរថយន្តមកដល់ចំណុចផ្លូវជាតិលេខ៦២ ចម្ការស្រម៉ូវ សមត្ថកិច្ចបានឃាត់រថយន្ត១គ្រឿងដើម្បីពិនិត្យ ហើយរថយន្ត២គ្រឿងទៀត សមត្ថកិច្ចមិនបានឃាត់ទុកដើម្បីពិនិត្យនោះទេ។
ក្នុងរថយន្តដែលសមត្ថកិច្ចឃាត់និងត្រួតពិនិត្យ គឺមានច្បាប់អនុញ្ញាតិអោយដឹកឈើ១៧ម៉ែត្រគូប កម្ពស់ពីបាតទ្រុងរថយន្ដ១ម៉ែត្រគូប ប៉ុន្តែ.! ជាក់ស្ដែង រថយន្តនោះ ផ្ទុកឈើពីបាតរថយន្តដល់ដំបូល គឺលើសចំនួនកំណត់យ៉ាងតិច ២៥ ម៉ែត្រគូប។នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ មានរថយន្តធុនធំដឹកជញ្ជូនឈើចេញពីទីតាំងក្រុមហ៊ុនដោន ចំនួន ៤ គ្រឿងទៀត ដោយគ្មានមន្ត្រីជំនាញ ឬ សមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ទាល់តែសោះ។សូម្បីតែ លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និង លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ទុកអោយក្រុមហ៊ុនដោន ធ្វើអ្វីៗតាមអំពើចិត្ត។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងមហាជនមជ្ឈដ្ឋាន សូមអំពាវនាវទៅដល់ ឯកឧត្តមទេសរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម សូមពិនិត្យឡើងវិញជាបន្ទាន់ទៅលើអាជីវកម្មរបស់ក្រុមហ៊ុនដោន។
ប្រការនេះកំពុងធ្វើអោយព្រៃឈើក្នុងតំបន់ព្រៃព្រះរកា និង តំបន់គូលែនព្រហ្មទេព ត្រូវប្រឈមនឹងសេចក្ដីវិនាសហិនហោច ព្រោះ(ក្រុមហ៊ុនដោន) កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក ហើយមន្ត្រីជំនាញ និងសមត្ថកិច្ចមិនហ៊ានបង្ក្រាប៕