កីឡាករកម្ពុជា អ៊ុង ភារាក់ ជួបជើងខ្លាំងថៃ Jakkapong Yomkhot ដណ្តើមមេដាយមាសវិញ្ញាសាប្រដាល់សកល ប្រភេទទម្ងន់៩១គីឡូក្រាមក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ នាទីក្រុងហាណូយ នៅសង្វៀន Bac Ninh Gymnasium ថ្ងៃទី២២ ឧសភា ២០២២ នាម៉ោង ៣៖១៥ នាទីរសៀល ។
មុននឹងមកដល់វគ្គនេះ Jakkapong Yomkhot បានយកឈ្នះ ម្ចាស់ផ្ទះវៀតណាម កីឡាករ Manh Cuong Nguyen នៅសង្វៀន Bac Ninh Gymnasium កាលពីថ្ងៃទី ២០ ឧសភា ២០២២។ ចំណែកកីឡាករកម្ពុជា អ៊ុង ភារាក់ មុននឹងមកដល់វគ្គនេះ បានផ្តួលកីឡាករសិង្ហបុរី Muhammad Dinie Hakheem Bin Abdul Rahman។
កីឡាករមកពីក្លិបបញ្ជាការដ្ឋានទ័ពពិសេស ៤១១ ជាកូនសិស្សរបស់លោកគ្រូ ហង្ស សឿន បានផ្តួលកីឡាករសិង្ហបុរីឲ្យសន្លប់ត្រឹមទឹកទី៣។ «ចំពោះការរំពឹងយើងគិតថា ៥០/៥០ ព្រោះ ថៃ (Jakkapong Yomkhot )គេល្អដែរ គេបានយកឈ្នះ កីឡាករ វៀតណាម (Manh Cuong Nguyen)ដែលជាម្ចាស់ផ្ទះ»។ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រាប់សារពត៌មានថ្មីៗតាមរយៈតេឡេក្រាមបែបនេះ។
ភារាក់ ជាកីឡាករប្រដាល់សកលកម្ពុជា ដំបូងហើយដែលបានឡើងមកដល់វគ្គនេះ៕ ប្រភពៈព័ត៌មានថ្មីៗ