តម្រូវការអង្ករលើទីផ្សារអន្តរជាតិកើនឡើង តែការនាំចេញរបស់កម្ពុជាធ្លាក់ចុះ

រាជធានីភ្នំពេញ ៖ វាជារឿងមួយចម្លែកមែនទែន នៅពេលទីផ្សារអង្ករលើឆាកអន្តរជាតិមានកំណើនឡើង បែរជា​ការនាំ​ចេញ​អង្ករ​របស់កម្ពុជារយៈពេល ១ ឆមាស ២០២១ នេះ មានការ​ធ្លាក់​ចុះ​ទៅ​វិញ​ពោល​ គឺ​បាន​ធ្លាក់​ចុះ​រហូត​ដល់​ជិត​ ៣០ ​ភាគរយ​បើ​ធៀប​នឹងរ​យៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ កន្លងទៅ ។

បើតាមលោកឧកញ៉ា សុង សារ៉ន ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ក​រ​កម្ពុជា​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌​មាន​ក្នុង​ស្រុក​បាន​ឱ្យ​ដឹង​ថា រហូតមកដល់ពាក់កណ្ដាលឆ្នាំ ២០២១ នេះ បណ្ដា​ប្រទេសមួយចំ​នួននៅលើពិភ​ពលោកនៅតែមាន​ការ​បិទខ្ទប់​ប្រទេស​របស់​​ខ្លួ​ន​ដ​ដែល​ដូច្នេះ​តម្រូវ​ការ​ស្បៀង​នៃ​ប្រទេស​ទាំងនោះក៏នៅមានខ្ពស់ ហើយបណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដែលមាន​ស្ថាន​ភាព​កូវីដ​ ១៩ ល្អប្រសើ​រឡើងវិញ ក៏បានបើក​សេដ្ឋកិច្ច​ឡើងវិញ ហើយនៅពេល​ដែល​គេ​​បើក​សេដ្ឋកិច្ច​​ឡើង​វិញ មិនមែនមាន​តែ​ស្បៀង​អាហារមួ​យមុ​ខទេដែលមា​នតម្រូ​វកា​រគឺទំ​និញស្ទើរ​​តែ​គ្រប់​មុខ​ទាំងអស់​ក៏​មាន​តម្រូ​វការដូចគ្នា ។

 

លោកបន្តថា តម្រូវការស្បៀង​អាហារ​ដូចជា​អង្ករ​នៅលើ​ប្រទេស​ជា​ច្រើន​ចាប់​ផ្ដើម​មានខ្ពស់ ប៉ុន្តែការនាំ​ចេញ​អង្ករ​របស់​​​កម្ពុជា​នៅ​​តែ​មាន​ការធ្លាក់ចុះ ដោយសារកត្តាមួយចំនួន ។ លោក​ថា ៖ «ចុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១ នេះ ទិន្នផល​ស្រូវ​របស់​កម្ពុជា​យើងមិនមែនធ្លាក់ចុះទេ ពោល​គឺ​មានភា​ពល្អប្រសើរជាមួយនឹងតម្លៃក៏ អាចទទួលយកបាន ប៉ុន្តែ​កង្វះ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ទៅកាន់ប្រទេសជាគោលដៅ ដែលជាហេតុដើមធ្វើឱ្យការនាំចេញរបស់យើងធ្លាក់ចុះ ។ មិនតែប៉ុណ្ណោះ តម្លៃ​នៃ​ការដឹកជញ្ជូន​ក៏​មាន​​ការកើនឡើងពី ៥ ទៅ ១០ ដងឯណោះបើធៀបនឹងឆ្នាំមុន ហើយក៏ពិ​បាកក្នុងកា​រ​ស្វែង​រក​កប៉ាល់​ដឹកជញ្ជូន​ទៅ​ទៀត» ។

លោកបន្ថែមថា អង្ករជាទំនិញមួយប្រភេទចាត់ទុកថា ជាទំនិញធន់ធ្ងន់ហើយពិបាកក្នុងការរកកុងតឺន័រសម្រាប់ផ្ទុកទៅទៀត ខណៈកុងតឺន័​រជាច្រើនត្រូវបានយកទៅដឹកទំនិញធន់ស្រាលៗជំនួសវិញ ។ ទាំងនេះហើយ​ដែលជា​កត្តាធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​អង្កររ​បស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិជាពិសេសប្រទេសឆ្ងាយៗដូចជាបណ្ដាប្រទេសនៅអឺរ៉ុបសហរដ្ឋអាមេរិកជាដើម មាន​ការ​ធ្លាក់ចុះ ។ ដោយសារការដឹកជញ្ជូនឡើងថ្លៃនេះហើ​យដែលធ្វើឱ្យអង្កររបស់​កម្ពុជា​លក់ទីផ្សារ​ប្រទេស​នីមួយៗ​ត្រូវ​ឡើង​ថ្លៃដូចគ្នា ធ្វើឱ្យឈ្មួញនាំចូលអង្ករស្ទាក់ស្ទើរក្នុងការបញ្ជាទិញអង្ករពីកម្ពុជា ។ លោកថា ៖«តម្លៃអង្ករកម្ពុជា​មួយ​កុងតឺន័រ​មាន​តម្លៃ​ប្រមាណ ​​១៧០០០ ដុល្លារ​​អាមេរិក ហើយការដឹកជញ្ជូនត្រូវចំណាយប្រមាណ​ពី ៧០០០ ដុល្លារទៅ ១ ម៉ឺនដុល្លារគឺស្ទើរ​តែស្មើ​នឹង​តម្លៃ​អង្ករ​ទៅហើយ ប៉ុន្តែប្រទេសមួយចំនួនដែលខ្សត់ស្បៀងនៅតែហ៊ានបង់លុយក្នុងការទិញអង្ករពីកម្ពុជា ហើយ​ប្រទេស​ខ្លះ​ទៀត​ក៏បានផ្អាក​ការបញ្ជាទិញពីកម្ពុជាមួយរយៈសិន» ។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ក៏បានលើកឡើងផងដែរថា វាជាការពិតណាស់​ដែល​តម្លៃដឹក​ជញ្ជូន​ពីក​ម្ពុជាទៅប្រទេសប៉ែកអឺរ៉ុបនិងប្រទេសឆ្ងាយៗមានការកើនឡើង ។ សម្រាប់អង្ករ វារឹតតែ​ពិបាក​ក្នុង​ការ​ស្វែង​រក​កុង​តឺ​ន័រ​​​សម្រាប់ផ្ទុកទៅទៀត ពីព្រោះកុងតឺន័រដែលបញ្ជូនមកកម្ពុជា ភាគច្រើន​ជាកុងតឺន័រ​ខ្នាត​វែង​សម្រាប់ដឹក​ទំនិញស្រាល​ដូចជា​ក្រណាត់ និងស្បែកជើង តែសម្រាប់ទំនិញអង្ករគឺត្រូវកុងតឺន័រខ្នាតខ្លី ព្រោះវាធ្ងន់ ដូច្នេះហើយទើបពិបាករក​កុងតឺន័រខ្នាត​ខ្លី​សម្រាប់​​ដាក់អង្ករណាស់ ។

លោកឧកញ៉ាបន្តថា ម្យ៉ាងទៀតដោយសារតែវិបត្តិកូវីដ ១៩នៅតែបន្តអូសបន្លាយធ្វើឱ្យចរាចរ​ណ៍កប៉ាល់ក៏មិនសូវ​មា​នច្រើនដូ​ច​ពីមុនទៅកាន់ប្រទេសឆ្ងាយៗដូច្នេះហើយ ទើបការដឹកជញ្ជូនក៏ត្រូវឡើងថ្លៃ និងពិបាកក្នុងការកក់កន្លែងសម្រាប់​ដាក់កុង​តឺន័រ​ទៅ​កាន់ប្រទេសឆ្ងាយទៅទៀត ។ លោកបញ្ជាក់ថា សម្រាប់សកម្មភាពក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកវិញ ក្នុងបរិបទកូវីដ ១៩ នេះក៏ទទួលរងផល​ប៉ះពាល់មួយ​ចំនួន​ធំដែរ ដោយក្រុមហ៊ុនខ្លះត្រូវផ្អាកសកម្មភាពដោយសារតែការរីករាលដាលការបិទខ្ទប់ កាលពីអំឡុងខែមេសា និងឧសភា តែ​រហូត​​មកដ​ល់ពេលនេះបើទោះបីជា​កម្ពុជាបើកដំណើរ​ការចរាចរណ៍​ឡើងវិញក្ដីតែស​កម្មភាពក៏មិន​ទាន់ជាសកម្ម​ដូច​កាល​ពី​មុន​នោះ​ឡើយ ។​

គួរ​បញ្ជាក់ថា​ ក្នុងរយៈពេល​ ១ ឆមាស​ដើមឆ្នាំ ២០២១ នេះ កម្ពុជា​នាំចេញអង្ករទៅកាន់ទីផ្សារ​អន្តរជាតិ​មានចំនួន ​២៨០.៤៥០តោន មានការថយចុះប្រមាណ ២៩,៤៧ ភាគរយ ។ គិតជាទឹកប្រាក់នាំចេញអង្ករ​រយៈពេល ៦ ខែ​ដើមឆ្នាំនេះ​មានចំនួន​ ២៣៧,៥៤​ លាន​ដុល្លារ​អាមេរិក ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​កម្ពុជា​ចេញផ្សាយ​កាលពីដើមខែ​កក្កដា ​២០២១​​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *