ខេត្តព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន អមដំណើរដោយ ឯកឧត្តមបណ្ឌិត តាន់ វណ្ណនី យាងជាអធិបតី ក្នុងពិធីពូនភ្នំខ្សាច់ ចំនួន ២៥៦៥ ភ្នំ” ដើម្បីរំលឹកដល់ពុទ្ធស័ករាជ និង បួងសួងសុំសេចក្តីសុខដល់ប្រជានុរាស្ត្រខ្មែរ នារដូវចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ។ ពីធីពូនភ្នំខ្សាច់នេះផងដែរ បានប្រប្រារព្ធឡើងកនៅកក្នុងវត្តពោធិ៍បញ្ចសហស្សារាម {ហៅវត្តពោធិ៍ប្រាំពាន់ដើម} ស្ថិតក្នុងតំបន់អូរដូនស្ងួន ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដឹកនាំដោយ ព្រះសីមានុចារីវិមុត្តិ សៀន គុណលាភ ព្រះបាឡាត់គណ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តមាន ព្រះសង្ឃ លោកអាចា្យ គណៈកម្មការ ឯកឧត្ដម លោកជំទាវ និងប្រជាពុទ្ធបរិស័ទដែលបានរួមសាមគ្គីគ្នា ធ្វើបុណ្យពូនភ្នំខ្សាច់ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនរុងរឿងដល់នគរភពផែនដែនកម្ពុជា និងប្រជានុរាស្រ្តខ្មែរគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀតខែមាន់សន់រដូវមហាសង្រ្កានឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីតាមប្រពៃណីខ្មែរយើងតែងតែជួបជុំធ្វើបុណ្យឧទិ្ទសកុសល ជូនដល់បុព្វការីជន និងបួងសួងសុំសុខសួស្តីសិរីប្រសើ ដល់ញាតិមិត្ត និងបងប្អូនខេមរៈជនខ្មែរ សូមមានការស្រឡាញ់រាប់អានសាមគ្គីគ្នា និងភាតរភាពតទៅ។
តាងនាមជាអធិបតី នៃពិធី ពូនភ្នំខ្សាច់ បួងសួងសុំសេចក្តីសុខ និងរាប់បាត្រដល់ព្រះសង្ឃនៅវត្តពោធិ៍ប្រាំពាន់ដើម អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមឧទ្ទិស មហាបុណ្យកុសលថ្វាយចំពោះព្រះរាជវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញាតិវង្សានុវង្ស គ្រប់ព្រះអង្គ ជាពិសេស សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវិរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរម រតនកោដ្ឋ សូមព្រះរាជវិញ្ញាណក្ខ័ន្ធព្រះអង្គ បានយាងទៅកាន់ឋានសួគ៌ សោយសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ថ្លែងក្នុងពិធីបុណ្យ ពូនភ្នំខ្សាច់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន មានបីតិសោមនស្សរីករាយជាពន់ពេក ចំពោះការទទួលបដិសណ្ឋារកិច្ច ប្រកបដោយស្នាមញញឹមរួបរួមសាមគ្គីគ្នាបំពេញបុណ្យកុសលជូនដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ និងសូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូប សមប្រកបតែ នឹង សេចក្តីសុខ សេចក្តីចម្រើនរុងរឿង រួចចាកផុតពីរោគាព្យាធិ ឬអន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មីព្រះនាម (កិរិណីទេវី) សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណ: រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
សូមបញ្ជាក់ផងដែរថា ព្រះសីមានុចារីវិមុត្តិ សៀន គុណលាភ ព្រះបាឡាត់ គណ: ខេត្តព្រះវិហារ ព្រះអង្គជាស្ថាបនិកដឹកនាំបង្កើត និងកសាងវត្តពោធិ៍ប្រាំពាន់ដើម រីកដុះដាល សមិទ្ធិផលជាច្រើន ជាពិសេសព្រះអង្គកំពុងកសាង សាលាបឋមសិក្សា មួយខ្នងមាន៦បន្ទាប់ ចំណាយថវិការប្រមាណ ៨៧០០០ ដុល្លារ សហរដ្ឋអាមេរិក” ដើម្បីជួយសម្រួលដល់ការសិក្សារបស់កុមារា កុមារីនៅក្នុងតំបន់នោះផងដែរ។
ជាទីបញ្ចប់ ៖ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើ ដល់បងប្អូនប្រជានុរាស្ត្រខ្មែរទាំងអស់ សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរ្តិ៍ដំណែល បុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះ អោយបានរុងរឿង ឋិតឋេរចេរកាលជានិច្ចនិរន្តរ៍តរៀងទៅ៕