ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន យាងជាអធិបតី អមដំណើដោយលោក ជួន ចេង ទីប្រឹក្សាផ្ទាល់ និង ឯកឧត្តមបណ្ធិត តាន់ វណ្ណនី ព្រមទាំង លោកជំទាវ មេឃាទេវានុរក្ស ទេពតារាគន្ធា មហាឧបាសិកាសាសនូបត្ថក៍ បានមូលមតិគ្នាប្រារព្វពិធីបួងសួងសុំសេចក្ដីសុខដល់ប្រជានុរាស្ត្រខ្មែរ នារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះកម្មវិធីនេះប្រព្រឹត្តទៅនៅទីតាំងវត្តឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមានព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ឯកឧត្តម លោកជំទាវ និងប្រជាពុទ្ធបរិស័ទបានរួមសាមគ្គីគ្នាធ្វើបុណ្យបួងសួងសុំសេចក្តីសុខសេចកី្តចម្រើនរុងរឿងដល់នគរភពផែនដីកម្ពុជា និងប្រជានុរាស្ដ្រខ្មែរគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀតខែមាន់សន់រដូវមហាសង្ក្រានឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីតាមប្រពៃណីខ្មែរយើងតែងតែធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន និងបួងសួងសុំសុខសួស្ដីប្រសើរដល់ញាតិមិត្ត និងបងប្អូនខេមរៈជនខ្មែរសូមមានការស្រឡាញ់រាប់អានសាមគ្គីគ្នានិងភាតរភាពតទៅ។
តាងនាមជាអធិតីនៃពិធីបួងសួងសុំសេចក្តីសុខនៅមុខប្រាសាទឯកភ្នំ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សូមឧទ្ទិសមហាបុណ្យកុសលថ្វាយចំពោះព្រះវាជវិញ្ញាណខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានី ព្រះញាតិវង្សានុវង្សគ្រប់ព្រះអង្គ ជាពិសេសសូមថ្វាយមហាព្រះរាជ្យកុសលថ្វាយព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវិរៈក្សត្រ ព្រះវររាជ្យបិតាឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះរាជាវិញ្ញាណក្ខ័ន្ធព្រះអង្គបានជាងទៅកាន់ឋានសួគ៌សោយសុគតិភពកុំបីគ្នាទៀតឡើយ។
ក្នុងនោះដែរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធដែន និងឯកឧត្តមបណ្ឌិត ព្រមទាំងលោកជំទាវ មេឃាទេវានុរក្ស ទេពតារាគន្ធា មហាឧបាសិការសាសនូបត្ភក៍ បាននាំយកអំណោយមួយចំនួនដូចជាក្រមានិងថវិការចែកជូនដល់ ១០០ នាក់ ។
ថ្លែងក្នុងពិធីបួងសួង អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន មានបីតិសោមនស្សរីករាយពន់ពេកចំពោះការទទួលបដិសណ្ឋារកិច្ចប្រកបដោយស្នាមញញឹមរួបរួមសាមគ្គីគ្នាបំពេញបុណ្យកុសលជូនដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ និង សូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឫទ្ធីបារមីខ្លាំងក្លា វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្រ្ដគ្រប់រូបសមប្រកបតែនិងសេចក្ដីសុខសេចក្ដីចំរើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ កើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ ។
ជាទីបញ្ចប់ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្ដាំផ្ញើទុកដល់បងប្អូនប្រជានុរាស្រ្តខ្មែរទាំងអស់សូមមានសាមគ្គីភាព ភារតភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរ្តិ៍ដំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតឋេរចេកាលជានិរន្តរ៍តរៀងទៅ ៕