លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរង យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតី ពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំឆ្នាំ២០២១ ទិសដៅអនុវត្តបន្តឆ្នាំ២០២២ !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរង យោធភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតី ពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំឆ្នាំ២០២១ ទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់តំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់អភិវឌ្ឍន៍ ភ្នំឆ័ត្រ។

ជំនួសមុខឱ្យ ថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ មានជំនឿមុតមាំថា នាយទាហាន ពលទាហាន តំបន់អភិវឌ្ឍន៍ ទាំងអស់ នឹងបន្តខិតខំបំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ជូន កាន់តែមានប្រសិទ្ធភាពខ្ពស់។

ឧត្តមសេនីយ៍ មេបញ្ជាការរង យោធភូមិភាគទី៥ បានធ្វើការកោតសរសើរដល់កម្លាំង តំបន់អភិវឌ្ឍន៍ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន រួមមាន៖

ការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយពីគ្រោះធម្មជាតិផ្សេងៗ រហូតមានការសរសើរ ពីសំណាក់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ។ ដោយឈរលើផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ របស់យោធភូមិភាគទី៥ ឧត្តមសេនីយ៍ទោ ភ្លន់ តារា បានសំណូមពរដល់មេបញ្ជាការ មេបញ្ជាការរង នាយ -ពលទាហាន តំបន់អភិវឌ្ឍន៍ សម្រាប់ទិសដៅឆ្នាំ២០២២ បន្តធានាឲ្យបាន គ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ត្រៀមកម្លាំងជាប់ជាប្រចាំតាមបទបញ្ជា ចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះប្រជាពលរដ្ឋ ចូលរួមភូមិ ឃុំ មានសុវត្ថិភាព និងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ផ្សេងៗ ។

លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា បានធ្វើការផ្តាំផ្ញើកម្លាំងក្នុងតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ ទាំងអស់ ឱ្យបង្កើនការផ្សព្វផ្សាយ និងអនុវត្តឲ្យបានជាដាច់ខាតនូវ វិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុង ទីតាំងបន្ទាយ សហគមន៍ ក៏ដូចជាភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ ក៏បានអញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់នាយ ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងបានឧបត្ថម្ភថវិកា ចំនួន ១.០០០.០០០រៀលផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *