ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ ដោយគោរពបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ .និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត មានករណីលួចម៉ូតូមួយកើតឡើងនៅចំណុចម្ដុំផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងខណ:ពេលជនរងគ្រោះឈ្មោះ ឡេង សុផល ភេទប្រុស អាយុ៥៥ឆ្នាំ បានទុកម៉ូតូរបស់ខ្លួន០១គ្រឿង ម៉ាកហុងដាហ្សូម័រអុិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ 1P-5318 នៅមុខផ្ទះដោយមិនបានដកកូនសោរចេញ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ លោកបានចាត់តាំងកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លុច ភិរុណ ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងដកហូតបានម៉ូតូរបស់ជនរងគ្រោះផងដែរ ក្នុងខណ:ពេលជនស្ស័យយកម៉ូតូទៅបិទស្គុតដើម្បីកុំឲ្យគេស្គាល់ នៅកន្លែងបិទស្គុតម៉ូតូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត នៅវេលាម៉ោង១២និង៥២នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ បន្ទាប់មកជនសង្ស័យត្រូវបានកម្លាំងបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួចមកបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយយកទៅលាក់ទុក ក្រោយមកខ្លួនបានយកម៉ូតូនោះទៅបិទស្គុតដើម្បីកុំឲ្យម្ចាស់គេមើលស្គាល់ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្ដង ។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងតាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកម៉ូតូត្រូវបានកម្លាំងក្រុងប៉ោយប៉ែតប្រគល់ឲ្យម្ចាស់ដើមវិញហើយ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ៖ ជនសង្ស័យ០១នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ ៕