ភ្នំពេញ÷នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២២ កងអាវុធហត្ថរាជធានីភ្នំពេញបានចុះឡោមព័ទ្ធ ឆែកឆេរ នឹងឃាត់ខ្លួនជនជាតិចិន ចំនួន០៤នាក់ពាក់ព័ន្ធករណីចាប់ជំរិតនៅក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៤នឹង៤៥នាទីល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត អតីតសណ្ឋាគាកូឡាបស នៅតាមបណ្ដោយផ្លូវលេខ៩៥ កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ដោយយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់ការចុះឡោមព័ទ្ធនិងបង្ក្រាបទីតាំង សណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត អតីតសណ្ឋាគាកូឡាបសនេះ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងជនរងគ្រោះពី ក្រុងបាវិត ខេត្តស្វាយរៀង ថា មានក្រុមជនសង្ស័យជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិតនៅក្រុងបាវិត។
ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈនេះ កម្លាំងជំនាញកងរាជអាវុធហត្ថរដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឆែកឆេរនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។
បច្ចុប្បន្ន ៖ ជនសង្ស័យជនជាតិចិនទាំង០៤នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ចាត់ការតាមនីតិវិធី៕ ព័ត៌មានបឋម