ចេញផ្សាយ៖ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
កំពង់ឆ្នាំង៖ ជនសង្ស័យប្រុស-ស្រីចំនួន០៤នាក់ត្រូវកម្លាំងកងអាវុធហត្ថខេត្តឃាត់ខ្លួនពាក់ព័ន្ធករណីលួចលក់ប្រេងអ្នកដទៃ និងទទួលផលចោរកម្ម ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅ វេលាម៉ោង១០ និង ៣០នាទីព្រឹកដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម អុិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចចុះប្រតិបត្តិការបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយកម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថ ស្រុករលាប្អៀរ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក និល ប៊ុនធឿន មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស។ ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៤ នាក់ដែលជាប់ពាក់ព័ន្ធ បទលួចលក់ប្រេងអ្នកដទៃ និងទទួលផលចោរកម្មប្រព្រឹត្តកាល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា យីហោគ្រីស្តាល់ ស្ថិតនៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ ជ្រិន គឹមជ្រុន ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
២-ឈ្មោះ ជុំ កុសល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
៣-ឈ្មោះ ផល ប្រេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
៤-ឈ្មោះ កែវ ចរណៃ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន ៖
១. ទូរស័ព្ទដៃចំនួន ០៤គ្រឿង
២.រថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ២AB៤៩៦៦ ពណ៌ខៀវ
៣.ម៉ូតូចំនួន០២គ្រឿង ម៉ាកC១២៥ចំនួន ០១គ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង១L ១៣៥៩ ពណ៌ខ្មៅ និងម៉ាកឃ្លីក ចំនួន០១គ្រឿង ពាក់ស្លាកលេខ១k៤៤៣៦ ពណ៌ស ។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងត្រូវបានកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាតាមនីតិវិធីបន្ត ៕