មេបញ្ជាការយោធភូមិភាគទី៤ ប្រធានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ មេបញ្ជាការយោធភូមិភាគទី២ កងទ័ពភូមិន្ទថៃ ប្រធានគណៈកម្មាធិការ ថ្នាក់យោធភូមិភាគ ថៃ-កម្ពុជា !!!

ចេញផ្សាយ៖ ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តឧត្តរមានជ័យ ៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ប្រធានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ បានអញ្ជើញជួបពិភាក្សាការងារ សំណេះសំណាល និងសម្តែងនូវការអបអរសាទរចំពោះ ឧត្តមសេនីយ៍ទោ សវៈរ៉ាត សែងផុន ក្នុងឱកាសដែលត្រូវព្រះមហាក្សត្រព្រះរាជទានមុខតំណែងជា មេបញ្ជាការយោធភូមិភាគទី២ កងទ័ពភូមិន្ទថៃ ប្រធានគណៈកម្មាធិការ ថ្នាក់យោធភូមិភាគ ថៃ-កម្ពុជា នៅច្រកជាំ-សាង៉ាំ ពិធីនេះបានប្រារព្វធ្វើនៅច្រកអន្តរជាតិជាំ-ស្រង៉ាំ។

ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤បានលើកឡើងថា គឺដើម្បី រឹតចំណងមិត្តភាព បង្កើនភាពស្និទ្ធស្នាល ពង្រឹងពង្រីកកិច្ចសហការល្អលើគ្រប់វិស័យ សន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍ តំបន់ព្រំដែន នៃយោធភូមិភាគទាំងពីរ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ កសាងភាពជឿជាក់ទុកចិត្តគ្នាទៅវិញទៅមក សហការផ្តល់ព័ត៌មានរវាងគ្នា និងគ្នា និងរួមគ្នាដោះស្រាយបញ្ហានានា មានយន្តការ និងកិច្ចចរចារដោយសន្តិវិធី។ យោធភូមិភាគទី៤ និងស្នើសុំគោលការណ៍ថ្នាក់លើដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី២៣ ឆ្នាំ២០២២ គ្រោងប្រារព្វក្នុងខែឧសភា ឆ្នាំ២០២២ បើសភាពការណ៍កូវីដ-១៩ អំណោយផល។ កងកម្លាំងនៃប្រទេសទាំងពីរ នឹងរួមសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងការការពារបង្ការោគត្បាតកូវីដ-១៩ ។

ឆ្លៀតក្នុងឱកាសនោះ មេបញ្ជាការយុទ្ធភូមិភាគទី៥ បានថ្លែងអំណរគុណ ចំពោះភាគីថៃ ដែលបានបង្កលក្ខណៈសម្របសម្រួល និងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍ របស់ពលករ និងប្រជាពលរដ្ឋកម្ពុជា និងការបញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់ទៅមកប្រទេសថៃផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *